សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៦ខែមកនេះ រោងចក្រសហគ្រាសបានបើកថ្មី ៣,៣១៣ ក្នុងនោះវិស័យកាត់ដេរ ១៦៤រោងចក្រ ដែលបានបង្កើតការងារថ្មី ៧៧,២០៩នាក់


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៦ខែមកនេះ ពោលគិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ មានរោងចក្រសហគ្រាស ដែលបានបើកថ្មីចំនួន ៣,៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ចំនួន ១៦៤រោងចក្រ ដែលបានបង្កើតការងារថ្មីជូនប្រជាពលរដ្ឋចំនួន ៧៧,២០៩នាក់។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានយ៉ាងដូច្នេះថា៖ «បើយើងមើលពាក់ព័ន្ធទៅនឹងសហគ្រាសទាំងចុះនៅក្នុង CDC ទាំងមិនបានចុះនៅ CDC ប្រភពពីក្រសួងការងារ ក្នុងរយៈពេល៦ខែនេះ ពីថ្ងៃទី៣១ ខែ៨ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែ២ ឆ្នាំ២០២៤ រាងចក្រសហគ្រាសសរុប ដែលបានបើកថ្មី គឺមាន៣,៣១៣ ក្នុងនោះក្នុងវិស័យកាត់ដេរ ១៦៤រោងចក្រ បង្កើតការងារ ៥២,៥៩៧កន្លែង និងសហគ្រាសក្រៅពីវិស័យកាត់ដេរ មាន ៣,១៤៩ មានតូច មានធំ ដែលបង្កើតការងារជាង ២៤,៦១២នាក់ សរុប គឺ ៧៧,២០៩នាក់ ដែលបានបង្កើតការងារថ្មីជាមួយនឹងសហគ្រាស ៣,៣១៣»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដែលប្រកាន់យករបបទីផ្សារសេរី ដូច្នេះ ក្រុមហ៊ុនបើកដំណើរការត្រូវការប្រកួតប្រជែង ខណៈមានក្រុមហ៊ុនវិនិយោគខ្លះបើកអាជីវកម្មរបស់ខ្លួនដំណើរការបានល្អ និងមានក្រុមហ៊ុនខ្លះបើកដំណើរការទទួលបរាជ័យ។ ត្រង់ចំណុចនេះនៅប្រទេសណាក៏មានដែរ សម្រាប់រាជរដ្ឋាភិបាល មិនអាចធានាបានថាឱ្យតែក្រុមហ៊ុនបើកអាជីវកម្ម រដ្ឋត្រូវតែធានាឱ្យអាជីវកម្មរបស់ក្រុមនោះដើរដោយរលូតនោះទេ ពីព្រោះរបបទីផ្សារសេរីត្រូវការប្រកួតប្រជែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់អាជីវកម្មខ្លះ នៅពេលដែលបើកដំណើរហើយបែរជាទទួលបរាជ័យ ក៏ប៉ុន្តែ នៅពេលសេងហាង ឬក្រុមហ៊ុនឯងអ្នកផ្សេងគ្រប់គ្រងបែរជាទទួលបានភាពជោគជ័យទៅវិញ ទាំងនេះជាកត្តាជាក់ស្តែង សម្រាប់របបទិផ្សារសេរី។ ក្នុងនាមសម្តេចជានាយករដ្ឋមន្ត្រី ក៏មិនបានបដិសេធជុំវិញការផ្សព្វផ្សាយតាមបណ្តាញសង្គមថា កម្ពុជា កំពុងបន្តមានការបិទរោងចក្រ តែក៏សុំក្រឡេកទៅមើលរោងចក្រកំពុងតែបើកដំណើរថ្មីផង។

បន្ថែមពីនេះ សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ​ក្នុងនាមសម្តេចជានាយករដ្ឋមន្ត្រី ក៏មិនបានបដិសេធជុំវិញការផ្សព្វផ្សាយតាមបណ្តាញសង្គមថា កម្ពុជា កំពុងបន្តមានការបិទរោងចក្រ តែក៏សុំក្រឡេកទៅមើលរោងចក្រកំពុងតែបើកដំណើរថ្មីផង។ ក៏ប៉ុន្តែ មានមនុស្សមួយចំនួនតូចគាត់នៅតែមើលឃើញពីរោងចក្រដែលបានបិទទ្វារ ហើយនាំគ្នាស្រែកថា រោងចក្របន្តបិទទ្វារហូរហែរ ធ្វើឱ្យកម្មករ កម្មការិនី អត់មានការងារធ្វើជាដើម។ តែក៏មានរោងចក្របើកដំណើរថ្មី ត្រូវការជ្រើសកម្មករធ្វើការ​​​រាប់ម៉ឺនកន្លែង នៅលើប្រទេសណាក៏ដូចគ្នា​តែមានក្រុមហ៊ុនបើកថ្មី និងបិទទៅវិញដោយមិនអាចធានានិរន្តរភាពនៃដំណើរការអាជីវកម្ម​ក្រុមហ៊ុននោះរហូតបានទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងដើរទាក់ម៉ូយ ក្នុងគោលបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ហើយកន្លងមក សម្តេចតែងតែបានជួបជាមួយតំណាងក្រុមហ៊ុន វិនិយោគិននៅក្រៅប្រទេសជាច្រើន ដើម្បីផ្សព្វផ្សាយពីឱកាសនិងសក្តានុពលនៃការវិនិយោគនៅកម្ពុជា ប៉ុន្តែការសម្រេចចិត្តណាមួយនោះមិនអាចធ្វើឡើងដោយភ្លាមៗនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការវាយតម្លៃខុសណាមួយនោះ គឺដោយសារមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយបើសិនជាប្រជាពលរដ្ឋចង់ដឹងពីដំណើរវិវត្តនៃគម្រោងវិនិយោគផ្សេងៗ សូមចូលមើលក្នុងការផ្សាយរបស់ CDC និងក្រសួងស្ថាប័នផ្លូវការរបស់រាជរដ្ឋាភិបាល៕