សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៦ខែមកនេះ កម្ពុជានាំចេញបាន១១.៨ពាន់លានដុល្លារ កើន១.៦ពាន់លានដុល្លារ ដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានកំណើន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា រយៈពេល៦ខែមកនេះ កម្ពុជានាំចេញបាន ក្នុងទំហំទឹកប្រាក់១១.៨ពាន់លានដុល្លារ កើនជាង១.៦ពាន់លានដុល្លារ ស្មើនឹង១៦.៥៧ភាគរយ ដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានកំណើន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ទំហំពាណិជ្ជកម្ម ៦ខែចុងក្រោយ យើងនាំចេញ១១.៨ពាន់លានដុល្លារ បើគិតពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ទំហំពាណិជ្ជកម្មនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជានាំចេញ បានចំនួន១០ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈដូចគ្នា ឆ្នាំ២០២៤ កម្ពុជាកើនជាង១.៦ពាន់លានដុល្លារ ស្មើនឹង១៦.៥៧ភាគរយ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កំណើននៃការនាំចេញរបស់កម្ពុជានេះ បានបង្ហាញអំពីសន្ទះនៃសេដ្ឋកិច្ចកម្ពុជា មានការកើនឡើង។

សូមបញ្ជាក់ផងដែរថា ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី បន្លែ ស្បែកជើង កៅស៊ូ ផ្លែឈើ និងគ្រឿងសង្ហារឹមជាដើម។

ប្រទេសដៃគូរពាណិជ្ជកម្មចម្បងរបស់កម្ពុជារួមមាន៖ ចិន, វៀតណាម, អាមេរិក, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, កាណាដា, អង់គ្លេស និងបណ្តាប្រទេសមួយចំនួនទៀត៕