ប្រកាសកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្រុក នៃខេត្តរតនគិរី


ឯកឧត្តម ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក​ នៃខេត្តរតនគិរី។

ពិធីនេះបានធ្វើឡើងនៅនាព្រឹកថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០២៤នេះ​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន​ ប្រធានគណៈកម្មាធិការ គណបក្សខេត្តរតនគិរី​ ព្រមទាំងសមាជិក សមាជិការគណបក្ស​ក្រុង​ ស្រុក សរុបប្រមាណ២០០នាក់។

តាមរយៈសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានកែសម្រួលតែងតាំង ឯកឧត្តម ជៀង អំ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី, ឯកឧត្តមផាន់ ផល្លា អនុប្រធានទី១, ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីអនុប្រធានប្រចាំការ, សរុបជារួមប្រធាន អនុប្រធាន សមាជិក សមាជិកាគណបក្សចុះមូលដ្ឋានខេត្តរតនគិរី ចំនួន១២៥រូប។

តាមរយៈសេចក្តីសម្រេច គឺសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ឃុំ សង្កាត់នៃគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី និងសកម្មជន ដែលទទួលភារកិច្ចនៅក្នុងក្រុមការងារគណបក្សចុះមូលដ្ឋាននានាក្នុងខេត្តរតនគិរី ត្រូវបន្តភារកិច្ចក្នុងក្រុមការងារនេះដដែល។​

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងប្រធានគណៈកម្មាធិការគណបក្សខេត្ត មានសិទ្ធិស្នើចាត់តាំង កែសម្រួលបំពេញបន្ថែម ឬចាត់តាំង កែសម្រួលបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះជួយខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ តាមការចាំបាច់។

ថ្លែងនៅក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា សាមគ្គីភាព និងការសហការល្អរវាងក្រុមការងារគណបក្ស និងសមាជិក សមាជិកា​ គណៈកម្មាធិការគណបក្សខេត្តរតនគិរី​ គ្រប់ជាន់ថ្នាក់បម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវស្របតាមគោលនយោបាយ និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាសំខាន់ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បង នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។​

ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែ គឺជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។

នាឱកាសនោះដែរ ឯកឧត្តម ជៀង អំ បានកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកាគណបក្សប្រជាជានកម្ពុជាខេត្តរតនគិរី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីបុព្វហេតុប្រជាជន​ និងត្រូវបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី​ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀតស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា។

ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រធានក្រុមការងារ បានធ្វើការដាក់ចេញផែនការដល់ក្រុមការងារសម្រាប់អនុវត្តន៍បន្តរួមមាន៖

១៖ បន្តការងារចាត់តាំងក្រុមការងារចុះមូលដ្ឋានតាមក្រុង​ ស្រុក ឃុំ​ សង្កាត់ និងត្រូវរៀបចំកែសម្រួលសមាភាពក្រុមការងារចុះមូលដ្ឋាន ក្រុង​ ស្រុក ឃុំ​ សង្កាត់។

២៖ ត្រូវបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស ដែលបានដាក់ចេញ តាមរយៈកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១​ និងត្រូវអនុវត្តបណ្តាការងារសំខាន់ៗរួមមាន៖

*យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតសំខាន់លើអាទិភាពចំនួន៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល»
*បន្តពង្រឹងការអនុវត្ត ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងនោះខ្ញុំសូមសង្កត់ធ្ងន់លើ «កងទ័ពមិនអព្យាក្រឹត្យលើរាជរដ្ឋាភិបាល អព្យាក្រឹត្យលើគណបក្សនយោបាយ»
*បន្តពង្រឹងការអនុវត្ត គោលនយោបាយ ភូមិ​ ឃុំ មានសុវត្ថិភាព យកចិត្តទុកដាក់ បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធិភាពខ្ពស់៕