ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ដឹកនាំគណៈប្រតិភូសមាគមនារីសាខាក្រសួងព័ត៌មាន ប្រមាណ៣០០នាក់ ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមនារីសាខាក្រសួងព័ត៌មាន ប្រមាណ៣០០នាក់ ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចដើម្បីស្វែងយល់ពីការរីកចម្រើនរបស់ខេត្តព្រះសីហនុដែលជាតំបន់សេដ្ឋកិច្ចពហុបំណងរបស់កម្ពុជា និងផ្តល់ការកម្សាន្តដល់មន្ត្រីនៃក្រសួងព័ត៌មានជានារី។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាការរៀបចំដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីចូលរួមអបអរ សាទរទិវាអន្តរជាតិនារីផង, ដើម្បីផ្តល់ឱកាសដល់មន្ត្រីក្រសួងព័ត៌មានជានារីបានដើរទស្សនាកម្សាន្តនៅលើទឹកដី ខេត្តព្រះសីហនុ ដែលកំពុងមានការរីកចម្រើនផង និងក៏ដើម្បីលើកទឹកចិត្តមន្ត្រីនៃក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។

នាឱកាសនោះដែរ ឯកឧត្តមបានលើកឡើងថាស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងគ្រួសារ និងក្នុងសង្គមជាតិ ហើយដោយឡែកមន្ត្រីនៃក្រសួងព័ត៌មានជាស្ត្រីបានបំពេញការងារយ៉ាងសកម្ម និងបានចូលរួមក្នុងការដ្ឋានកំណែទម្រង់នានាពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្បុរសជនដែលបានជួយគាំទ្រលើដំណើរទស្សនកិច្ចនេះក្នុងនោះរួមមាន៖ ឯកឧត្តម គួច ចំរើន ក្នុងនាមគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកនូវថវិកាចំនួន ១០លានរៀល ដែលជាថវិកាគាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនសមាគមនារីនៃក្រសួងព័ត៌មាន, ក្រុមហ៊ុនមីជាតិ និងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់, ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍រាជធានីភ្នំពេញ (PPCTV) ក្រុមហ៊ុនភេសជ្ជៈបាកាសដែលបានផ្តល់ការគាំទ្រ៕