ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ លទ្ធផលបោះឆ្នោតបញ្ជាក់ច្បាស់ថា ពលរដ្ឋផ្ដល់ជំនឿចិត្ត និងភាពកក់ក្ដៅជាមួយគណបក្សប្រជាជនកម្ពុជា


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គលំទង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានថ្លែងថា លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ច្បាស់ថា ប្រជាជនផ្តល់ជំនឿទុកចិត្ត និងមានភាពកក់ក្តៅជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់លោកយាយ លោកតា អ៊ំ ពូ មីង បងប្អូន ដែលបានជឿជាក់គណបក្សប្រជាជនកម្ពុជា ដោយចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតគណបក្សប្រជាជនទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បែបនេះថា «លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ច្បាស់ថាប្រជាជនផ្តល់ជំនឿទុកចិត្ត និងមានភាពកក់ក្តៅជាមួយគណបក្សប្រជាជនកម្ពុជា»

ផ្សាភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក៏ជាការការពារអ្វីដែលជាអត្ថប្រយោជន៍របស់ប្រជាជន ដែលសុទ្ធសឹងតែកើតចេញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដើម្បីធានា និងលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ដូច្នេះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺស្មើនឹងការបោះឆ្នោតការពារផលប្រយោជន៍របស់ប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលនៅតែបន្តផ្ដល់ជំនឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យយើងអាចបង្កើតសមិទ្ធផលនានា ជាក់ស្តែងគឺដូចអ្វីដែលយើងបានដាក់សម្ពោធនៅថ្ងៃនេះដូច្នេះដែរ៕