សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអញ្ជើញដល់ប្រទេសឡាវ


បន្ទាប់ពីធ្វើដំណើរប្រមាណជាង១ម៉ោងព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​នៃរាជ​រដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុខសុវត្ថិភាពហើយ។

ដំណើរអញ្ជើញដល់របស់សម្តេចធិបតី និងគណៈប្រតិភូ នៅអាកាសយានដ្ឋានក្នុងក្រុងវៀងច័ន្ទ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឡាវ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា និងឯកអគ្គរាជទូត និងមន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសឡាវ។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៨ព្រឹកថ្ងៃចន្ទ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវ​ការនៅប្រទេស​ឡាវ។ ដំណើរបំពេញ​ទស្សន​កិច្ចពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤នេះ ធ្វើឡើងតបតាមការអញ្ជើញ​របស់​លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។