រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្ដ ដោយផ្សព្វផ្សាយអនុសាសន៍១៣ចំណុចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារ ខែមេសា ឆ្នាំ២០២៤

និងផ្សព្វផ្សាយអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ចំនួន១៣ចំណុច ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមីនា និងទិសដៅការងារ ខែមេសា ឆ្នាំ២០២៤ ដោយផ្ដោតសំខាន់ទៅលើការអនុវត្តកម្មវិធីអាទិភាពទាំង៤ និងអនុកម្មវិធីនីមួយៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់ពីស្តាប់របាយការណ៍រួចមក​ លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍បន្ថែមមួយចំនួនដូចខាងក្រោម៖

* នាយកដ្ឋានផ្លូវលំជនបទត្រូវស្រាវជ្រាវបច្ចេកតិទ្យាថ្មីដើម្បីសិក្សាផ្លូវដែលធននឹងការប្រែប្រួលអាកាសធាតុ
* ត្រូវបង្កើតក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងវាយតម្លៃផ្លូវដែលងាយរងគ្រោះ
* មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត ត្រូវរៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទទាំងបីប្រភេទ រួមមានផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង និងផ្លូវល្បាយក្រួស
* ត្រូវពង្រឹងមន្ទីរពិសោធន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំបទដ្ឋានដើម្បីចុះបញ្ជីមន្ទីរពិសោធន៍ជាផ្លូវការ
* គណៈកម្មការវាយតម្លៃផ្លូវជនបទ ដែលទទួលបានឯកសណ្ឋាន ត្រូវចូលរួមស្បថឱ្យបានឆាប់តាមនិតិវិធីច្បាប់ដើម្បីបំពេញជាមន្រ្ដីយុត្តិធម៌
* ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកគម្រោងថវិកាថែទាំ និងជួសជុលផ្លូវឱ្យមានគុណភាពខ្ពស់ធនាការប្រើប្រាស់គ្រប់រដូវកាល ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ពង្រឹងគុណភាព ៧០% និងពង្រីកការតភ្ជាប់ ៣០%
* មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្តត្រូវរៀបចំធ្វើបញ្ជីផ្លូវដែលត្រូវជួសជុល បន្ទាន់ ថែទាំខួប និងថែទាំប្រចាំរួចផ្ញើមកក្រសួង ដើម្បីរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ និងផែនការឆ្នាំបន្តបន្ទាប់
* មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានីខេត្តត្រូវរៀបចំបញ្ជីផ្លូវជនបទទាំង ៤ ប្រភេទ ទាក់ទិនទៅនឹងចំណីផ្លូវជនបទ
* បង្កើតក្រុមការងារចំពោះកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនទី ព្រមទាំងបញ្ជីសារពើផ្លូវជនបទ
* បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីត្រួតពិនិត្យការដឹកលើសទម្ងន់កម្រិតកំណត់ លើផ្លូវជនបទ និងធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការផាកពិន័យការដឹកជញ្ជូនលើសទម្ងន់កំណត់លើផ្លូវជនបទ
* បង្កើតក្រុមការងារចំពោះកិច្ចដើម្បីសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ រៀបចំអនុសារណយោគយល់គ្នា ឬប្រកាសរួនអន្តរក្រសួង និង ជាមួយស្ថាប័ន្នពាក់ព័ន្ធពីដែនសមត្ថកិច្ច ជៀសវាងជាន់គ្នា
* ពិនិត្យទិន្នន័យការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីសម្រេចឱ្យបានអត្រាគ្របដណ្ដប់ទូទាំងប្រទេស ១០០%នៅឆ្នាំ២០៣០។ ក្នុងឆ្នាំ២០២៤នេះក្រសួងនឹងសម្រេចឱ្យបានខេត្តចំនួន ១១ ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល
* ត្រូវបន្តផ្តល់ជូននូវសម្ភារបរិក្ខាបង្គន់អនាម័យជូនដល់ប្រជាពលរដ្ឋ តាមយន្តការមានស្រាប់
* សូមឱ្យថ្នាក់ដឹកនាំ និងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ រៀបចំសិក្ខាសាលាស្តីពីភូមិគំរូ ទាំង ៣០ និងបុរីជនបទគំរូ
* ត្រូវរៀបចំអនុស្សារណៈយោគយល់គ្នាជាមួយស្ថាប័ន្នពាក់ព័ន្ធ ទៅនឹងភូមិគំរូ និងបុរីជនបទ
* ត្រូវរៀបចំសេចក្តីព្រាងវិសោធនកម្មអនុក្រឹត្យទាក់ទងទៅនឹងតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
* ត្រូវបញ្ចប់គោលនយោបាយស្តីពីអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ និងគោលនយោបាយស្តីពីផ្លូវជនបទ ក្នុងដំណាច់ឆ្នាំ ២០២៤ នេះ
* ត្រូវរៀបចំសិក្ខាសាលាដើម្បីគៀរគរធនធាន ស្តីពីឥណទានជនបទជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំទទួលបន្ទុកតាមមន្ទីរអភិវឌ្ឍន៍ជនបទរាធានី-ខេត្ត ចុះធ្វើការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងធ្វើការផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទាំង ១៣ ចំណុចផងដែរ៕