ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ របស់រាជបណ្ឌិត្យសភាកម្ពុជា


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រាជបណ្ឌិត្យ សភាកម្ពុជា និងដើម្បីកំណត់អាទិភាព និងតម្រង់ទិសដៅការងារ ស្របតាមបរិការណ៍ថ្មី និងសក្តានុពលរបស់រាជបណ្ឌិត្យ សភាកម្ពុជា សំដៅលើកបន្តកម្ពស់កេរ្តិ៍ឈ្មោះស្ថាប័ន ក៏ដូចជាពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ពិសេសលើការងារស្រាវជ្រាវ និងការអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលរាជបណ្ឌិត្យ សភាកម្ពុជាខិតខំសម្រេចបាននាពេលកន្លងមក ពិសេសវចនានុក្រមខ្មែរ ឆ្នាំ២០២២ និងការអនុម័តវាក្យសព្ទថ្មី ក្នុងវិស័យវិទ្យាសាស្រ្តពិត ព្រមទាំងការងារសិក្សាស្រាវជ្រាវ និងបោះពុម្ភផ្សាយលើប្រធានបទសំខាន់ៗមួយចំនួន ដែលមានប្រយោជន៍ និងទទួលបានការចាប់អារម្មណ៍ទាក់ទាញខ្ពស់ពីសំណាក់អ្នកប្រើប្រាស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានផ្តល់នូវការណែនាំមួយចំនួន ដើម្បីតម្រង់ទិសនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យ សភាកម្ពុជា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ហើយត្រូវសម្រិតសម្រាំងផ្តោតតែលើប្រធានបទដែលមានគុណប្រយោជន៍ដល់អ្នកប្រើប្រាស់ ក៏ដូចជាសម្រាប់បម្រើឱ្យការកំណត់និងការរៀបចំចក្ខុវិស័យ, គោលនយោយបាយ និងយុទ្ធសាស្រ្តនានា សម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការលើកស្ទួយ និងថែរក្សាអត្តសញ្ញាណជាតិ  និងវប្បធម៌ជាតិ។

ទន្ទឹមនេះ ត្រូវបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្រប់ក្រសួងស្ថាប័ននានា ដើម្បីជៀសវាងការស្រាវជ្រាវជាន់គ្នា និងបង្កើនថាមភាពរវាងគ្នា ទាំងជាមួយអង្គភាពនានារបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងទាំងក្រសួងស្ថាប័ននានារបស់រដ្ឋ។ មួយវិញទៀត ក៏ត្រូវបង្កើនកិច្ចសហការជាមួយដៃគូពីខាងក្រៅ ក្នុងការរៀបចំសន្និសីទកម្រិតអន្តរជាតិ លើប្រធានបទសំខាន់ៗមួយចំនួន ពិសេសពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តរបស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំរាជបណ្ឌិត្យ សភាកម្ពុជារៀបចំធ្វើបច្ចុប្បន្នភាពនូវផែនការយុទ្ធសាស្រ្តបីឆ្នាំ បន្តពីផែនការយុទ្ធសាស្រ្តបីឆ្នាំ២០២២-២០២៤ ហើយអង្គភាពនីមួយៗនៃរាជបណ្ឌិត្យ សភាកម្ពុជា ក៏ត្រូវរៀបចំនូវផែនការសកម្មភាពការងារ ដោយផ្អែកលើផែនការយុទ្ធសាស្រ្តនេះ ដើម្បីកំណត់អាទិភាពការងារ និងធនធាន ទាំងហិរញ្ញវត្ថុ និងមនុស្ស សំដៅបង្កើនការទទួលស្គាល់ឱ្យកាន់តែទូលំទូលាយចំពោះរាជបណ្ឌិត្យ សភាកម្ពុជា ពីសំណាក់គ្រប់ក្រសួង ស្ថាប័ន និងដៃគូនានា ទាំងកម្រិតជាតិ និងអន្តរជាតិ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំ មួយចំនួនដល់ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យ សភាកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធការងារឱ្យមានលក្ខណៈជាស្ថាប័ននីយកម្ម ជាជាងធ្វើតាមរបៀបជាបុគ្គល ដើម្បីនិរន្តភាពស្ថាប័ន៕