សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តសមាគមមិត្តភាពឡាវ-កម្ពុជា ជំរុញទំនាក់ទំនងពលរដ្ឋ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា ទំនាក់​ទំនងរវាងប្រជាជនកម្ពុជា និងឡាវ មានសារៈសំខាន់ណាស់ក្នុងការជំរុញដល់សកម្មភាពនានារវាងប្រទេស​ទាំង​ពីរ។ ឈរលើគុណតម្លៃនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមមិត្តភាពឡាវ-កម្ពុជា យកចិត្ត​ទុក​ដាក់ជំរុញទំនាក់ទំនងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ការជំរុញឱ្យមានការផ្លាស់ប្តូរទំនាក់ទំនងប្រជាជនកម្ពុជា-ឡាវនេះ បានធ្វើឡើងក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ជួបសម្តែងការគួរ​សម និងពិភាក្សាការងារនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោក ខាំបៃ ដាំឡាត់ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលា​ដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីបានចូលជួបសម្តែងការគួរសម។ លោកប្រធានសមាគម ក៏បានអបអរសាទរ​ចំពោះសម្ដេចធិបតី ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា នីតិ​កាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការ​អភិ​វឌ្ឍ​បន្ថែមទៀត។

លោកប្រធានសមាគម ក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការ​ធ្វើឱ្យ​ជីវភាពរបស់ប្រជាជនមានភាពរីកចម្រើនកាន់តែប្រសើរ។ លោកប្រធានសមាគម បានវាយតម្លៃខ្ពស់​ចំពោះ​ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីមកកាន់ប្រទេសឡាវនាឱកាសនេះ ហើយមានជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការលើកពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។

ខាំបៃ ដាំឡាត់ ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីសកម្មភាពសំខាន់ៗមួយចំនួន និងរចនា​សម្ព័ន្ធ​​របស់សមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចការរបស់សមាគមមិត្តភាពកម្ពុជា-ឡាវ និងឡា​វ​-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ផងដែរចំពោះឯកឧត្តមប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ដែលបា​ន​រួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឡាវនាពេលកន្លងមក។

សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមមិត្តភាពទាំងពីរខិតខំបន្តក្នុងការលើកកម្ពស់​ទំនាក់ទំនង​ប្រជា​ជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំដែនផងដែរ។ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទង​រវាងប្រជាពលរដ្ឋ​នៃប្រទេស​​ទាំងពីរ ដែលនឹងរួមចំណែកលើកកម្ពស់ថែមទៀតនូវពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យ​សំខាន់ៗ​ដទៃទៀតរបស់ប្រទេសទាំងពីរ។

សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា សក្តានុពលនៃកម្ពុជា និងឡាវនៅមានច្រើន និងលើកទឹកចិត្ត សមាគមមិត្តភាពរវាងប្រទេសទាំងពីរខិតខំធ្វើសកម្មភាពបន្ថែមទៀតក្នុងការសម្របសម្រួលឱ្យមានការតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែច្រើន៕