១២ថ្ងៃមកនេះ! អនុគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំង១០ក្រុម បានឃ្លុំដី ជាង៨ពាន់ហិកតា, ឃាត់ខ្លួនជនសង្ស័យ ៨នាក់, កសាងសំណុំរឿង ៥នាក់ និងកំណត់អត្តសញ្ញាណជនសង្ស័យ ១៣នាក់


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានក្រុមការងារដឹកនាំរួម នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងពិភាក្សាអំពីបញ្ហាប្រឈមរកដំណោះស្រាយ ព្រមទាំងរៀបចំផែនការយុទ្ធសាស្ត្រអនុវត្តបន្ត របស់អនុគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំង១០ក្រុម ដែលបាននឹងកំពុងចុះប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ យ៉ាងក្តៅគគុក នៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំ ឯកឧត្តម ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អនុគណៈកម្មការ ទាំង១០ក្រុម ដែលបានខិតខំបំពេញបេសកកម្ម ក្នុងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានយ៉ាងសកម្ម ដល់គ្រប់គោលដៅទាំងអស់ ដោយពុំខ្លាចនឿយហត់ ទោះស្ថិតក្នុងស្ថានភាពផ្លូវលំបាក និងប្រឈមខ្លាំងយ៉ាងណាក៏ដោយ។ ពិតណាស់ថា កិច្ចការងារនៅថ្ងៃខាងមុខ យើងនឹងធ្វើការបង្រួមក្រុម នៅពេលដែលអនុគណៈកម្មការទាំងឡាយណា បានអនុវត្តកិច្ចការងារបានច្រើន ហើយការបង្រួមក្រុមនេះដែរ ក្នុងគោលដៅដើម្បីចុះទៅតំបន់ណា ដែលមានសភាពការក្តៅ និងប្រឈមខ្លាំង។

បន្ទាប់ពីអនុគណៈកម្មការ ទាំង១០ក្រុម បានលើកឡើងពី បញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនអង្គប្រជុំបានធ្វើការដោះស្រាយនោះរួចមក, លោក ខូយ រីដា ក៏បានដាក់ចេញផែនការ ដល់អនុគណៈកម្មការទាំង១០ សម្រាប់កិច្ចការងារបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមាន៖

ទី១៖ ត្រូវបន្តបង្ក្រាប និងអនុវត្តច្បាប់លើជនល្មើស ព្រមទាំងឃ្លុំដី ដោយដាក់ឱ្យមានកម្លាំងឈរជើងអចិន្ត្រៃយ៍។
ទី២៖ គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវតម្លើងផែនទីដី ដែលបានឃ្លុំទុក និងដកហូតដីទាំងនោះ មកជារបស់រដ្ឋ ដើម្បីធ្វើការដាំស្តារឡើងវិញ។
ទី៣៖ កំណត់អត្តសញ្ញាណ ជនចំណូលស្រុក និងត្រូវញែកឱ្យដាច់ ចំពោះប្រជាជនក្នុងមូលដ្ឋាន ដើម្បីពិនិត្យលទ្ធភាពបន្តទៀត។
ទី៤៖ ចំបោះវត្ថុតាង និងមធ្យោបាយទាំងអស់ ដែលជាតម្រូវការរបស់ក្រុមការងារនីមួយៗ ត្រូវប្រមូល និងពិនិត្យអំពីការប្រើប្រាស់។
ទី៥៖ ក្នុងរយៈពេល៧ថ្ងៃទៀត អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តការងារ ឱ្យដល់គោលដៅ និងបិទបញ្ចប់ការងារ រួចឡើងផែនទី ដល់ក្រុមការងារថ្នាក់ខេត្ត ដើម្បីបូកសរុប និងធ្វើការពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងរៀបចំផែនការយុទ្ធសាស្ត្រអនុវត្តបន្តទៀត។

គួរជម្រាបជូនថា យោងតាមរបាយការណ៍ របស់ក្រុមលេខាធិការដ្ឋានថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចចម្រុះ នៃអនុគណៈកម្មការ ទាំង១០ក្រុម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើស កាប់រុករាន ទន្ទ្រានដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ ដោយបានឃ្លុំដី សរុបបានចំនួន ៨,៤៣២.១៤ហិកតា, អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បានចំនួន៤៥នាក់ ក្នុងនោះស្រី ចំនួន៧នាក់, ធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន៨នាក់, កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត បានចំនួន៥នាក់ និងកំណត់អត្តសញ្ញាណជនសង្ស័យ បានចំនួន១៣នាក់៕