នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១,៣៥៥នាក់ ចូលចតនៅខេត្តព្រះសីហនុ


(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ១,៣៥៥នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។

របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសច រទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។

នាវានេះ មានសញ្ជាតិ Norway មាននាវិកចម្រុះជាតិសាសន៍៤៣សញ្ជាតិ ស្មើនឹង ៤៦៩នាក់ ស្រី ៩៣នាក់ ផ្ទុកភ្ញៀវទេសចរចំនួន ៨៨៦នាក់ ស្រី ៤៥៨នាក់ មាន ១៨សញ្ជាតិ។

សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ បានចេញពីប្រទេសថៃ មកចូលចតនៅខេត្តព្រះសីហនុ និងបន្តដំណើរទៅកាន់ប្រទេសវៀតណាម៕