សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវសម្រាប់អាស៊ី នៅប្រទេសចិន


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវ សម្រាប់អាស៊ី ដែលធ្វើឡើងនៅទីក្រុងបូអាវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
ពិធីបើកវេទិកានេះ​​មាន​ការចូល​រួម​ពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានាជាច្រើនរូប។
ក្នុងពិធីបើកសន្និសីទដ៏មានសារៈសំខាន់សម្រាប់តំបន់អាស៊ីក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហា​ប្រឈម និងការទទួលខុសត្រូវរួម» សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ នឹងឡើងថ្លែងសុន្ទរកថាគន្លឹះផងដែរ។
សូមបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ដែល​មិនស្វែងរក​ប្រាក់​ចំណេញ។ បូអាវ បានក្លាយជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់កិច្ចសន្ទនាគ្នា ក្នុងចំណោមថ្នាក់ដឹកនាំ​រដ្ឋាភិបាលកម្រិតជាតិ ក្នុងរង្វង់ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងធុរកិច្ច រួមទាំងបញ្ញាវន្តនៃបណ្តាប្រទេស​នៅទ្វីបអាស៊ី និងទ្វីបដទៃទៀត ដែលធ្វើការសន្ទនាគ្នាអំពីបញ្ហាសំខាន់ៗ ក្នុងតំបន់អាស៊ី និងពិភពលោក​ទាំង​មូល។
វេទិកាបូអាវសម្រាប់អាស៊ី មានគោលដៅលើកកម្ពស់ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដោះដូរ សេដ្ឋកិច្ច កិច្ច​សម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅក្នុងតំបន់អាស៊ី និងរវាងអាស៊ី និងតំបន់​ផ្សេង​​ទៀតនៅជុំវិញពិភពលោក។
វេទិកាបូអាវសម្រាប់អាស៊ី ត្រូវបានស្នើបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយអតីតប្រធានាធិបតីហ្វីលីពីន លោក Fidel V. Ramos លោក Bob Hawke អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក Morihiro Hosokawa អតីតនាយករដ្ឋមន្ត្រីជប៉ុន។ វេទិកាបូអាវ សម្រាប់អាស៊ី ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ២០០១ និងមានទីស្នាក់ការអចិន្ត្រៃយ៍នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ ចាប់ពីឆ្នាំ២០០២មក វេទិកាបូអាវសម្រាប់អាស៊ី បានរៀបចំសន្និសីទប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងបូអាវ។
វេទិកាបូអាវ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមីនានេះ មានភ្ញៀវកិត្តិយសចូលរួមប្រមាណ ២,០០០នាក់ មកពីប្រទេស និងតំបន់ចំនួន៦០ ហើយអ្នកកាសែត ១,១០០នាក់ មកពី ៤០ប្រទេស និង​តំបន់ក៏នឹងចូលរួមផងដែរ៕