សម្តេចតេជោ ហ៊ុន សែន៖ ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គា្ននៅក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់


(ភ្នំពេញ)៖ ខណៈពិភពលោកលេចឡើងនូវបញ្ហាសង្គ្រាមថ្មីៗ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញអំពីសារសំខាន់នៃសន្តិភាព ដោយលើកឡើងថា ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គា្ននៅក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡោះងបែបនេះ នៅក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី «អាស៊ី និង ពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម» នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គា្ននៅក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ មិនវិលត្រឡប់ថយ ក្រោយ និងការធានាជំរុញឱ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍអនាគត ដើម្បីវិបុលភាពរួមគ្នា» ។

សម្តេចបានបន្ថែមថា អាស៊ីបានសម្រេចនូវការអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយបានដើរតួជាក្បាលម៉ាស៊ីនដឹកនាំកំណើន, ជាពិសេសក្នុងអំឡុងពេលដ៏លំបាកមួយ ដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កំរិតខ្សោយបំផុត បើប្រៀបធៀបជារួម នៅក្នុងរយៈកាល ៣ទសវត្សរ៍ចុងក្រោយ ។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់អាស៊ី និងឋានៈជាមជ្ឈមណ្ឌលផលិតកម្ម និងពាណិជ្ជកម្មរបស់ពិភពលោក បានផ្តល់ឱ្យអាស៊ី នូវតួនាទីសកលដ៏សំខាន់មួយ។ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានកំណើនទាប ត្រូវប្រឈមនឹងការសើរើរចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់នាពេលថ្មីៗនេះក៏ដោយ ក៏សេដ្ឋកិច្ចអាស៊ីទាំងមូល ត្រូវបានគេរំពឹងថា នឹងអាចរួមចំណែក ៦០% ដល់កំណើន ផ.ស.ស. ជាក់ស្តែងរបស់ពិភពលោក ក្នុងឆ្នាំខាងមុខនេះ ។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ តំបន់របស់យើងមានភាពចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីរក្សាបាននូវសន្ទុះវិជ្ជមាន។ សកម្មភាពរបស់យើងត្រូវតែដឹកនាំដោយគោលការណ៍ពហុភាគីនិយម ដែលផ្អែកលើ វិធានច្បាប់ ដែលបម្រើឱ្យយើងទាំងអស់គ្នា មិនមែនសម្រាប់តែក្រុមប្រទេសណាមួយនោះទេ។ យើងត្រូវតែបន្តខិតខំធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ និងជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ ជាជាងជំរុញការកាត់ផ្តាច់ និងការរាំងស្ទះ។ យើងត្រូវតែទទួលស្គាល់ថា គោលការណ៍ពហុភាគីនិយម គឺជាគោលការណ៍ដែលបានគាំទ្រដល់សកលភាវូបនីយកម្ម, ការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ពិភពលោកយើង មកដល់ពេលនេះ៕