សម្តេចតេជោ ហ៊ុន សែន កោតសរសើរប្រទេសចិន ចំពោះការទទួលបន្ទុក ក៏ដូចជាការទទួលខុសត្រូវដ៏ធ្ងន់ នៅក្នុងតួនាទីជាអ្នកដឹកនាំសកល


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្តែងការកោតសរសើរប្រទេសចិន ចំពោះការទទួលបន្ទុក ក៏ដូចជាការ ទទួលខុសត្រូវដ៏ធ្ងន់ នៅក្នុងតួនាទីជាអ្នកដឹកនាំសកល ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់បណ្ដ ប្រទេសចាប់ពីទ្វីបអាស៊ី, អាហ្វ្រិក រហូតដល់អាមេរិកឡាទីន។

ការសម្តែងការកោតសរសើរនេះ បានធ្វើឡើងក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម» នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និង ផ្លូវ» របស់ចិន បានគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងបណ្តាទ្វីបនានា ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទាំងនេះ គឺជាផ្នែកមួយមិនអាចខ្វះបាន សម្រាប់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន នៃបណ្តាប្រទេសដែលជាភាគីទទួលផលប្រទេសកម្ពុជាផងដែរ។

សម្តេចបានបញ្ជាក់បន្ថែមថា «យើងត្រូវតែទទួលស្គាល់ថា ម៉ូឌែលនៃការរីកចម្រើន និងការអភិវឌ្ឍរបស់ចិន បានអនុញ្ញាតឱ្យប្រទេសផ្សេងទៀត ទទួលបានវិបុលភាពជាមួយគ្នា ពោលគឺមិនមែនបោះបង់ប្រទេសដទៃ ដើម្បីកំណើនរបស់ខ្លួននោះឡើយ»