ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដោយប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងបរិវេណវត្តវេឡុវ័ន ហៅវត្តគោករកា ស្ថិតក្នុងស្រុកស្ទឹងត្រង់ ដែលចំណាយថវិកាសាងសង់អស់ប្រមាណ៣៨ម៉ឺនដុល្លារ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ក្រោមការដឹកនាំព្រះគ្រូចៅអធិការ លីវ ស្តើង វត្តវេឡុវ័ន ហៅវត្តគោករកា បានកសាងសមិទ្ធផលនានាជាច្រើន រួមមាន៖ កសាង និងជួសជុលដំបូលព្រះវិហារ កសាងដងទង់ ដំបូលសាលាឆាន់ ខ្លោងទ្វារ ចាក់សាបក្នុងទីធ្លាវត្ត បង្គោលភ្លើង ចាក់ដីក្នុងទីធ្លាវត្ត និងសាលាឆាន់ធ្វើពីថ្ម ដោយអស់បច្ច័យកសាង សរុបចំនួន ២៩៨,៣៥០ដុល្លារ និងប្រាក់រៀល ចំនួន២៨៣,២៤០,៥០០រៀល ក្នុងនោះ លោកស្រី លាង វួចឆេង និងសម្តេចទេពញាណ ហ៊ុន ណេង ព្រមទាំងបុត្រាបុត្រី ចូលរួមបច្ច័យសម្រាប់កសាងអស់ចំនួន ៩៤.៨០០ដុល្លារ និងប្រាក់រៀល៣៦,១០០,០០០រៀល ក្រៅពីនេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង៧ខែមកនេះ គឺបានដំណើរការក្នុងការការពារសន្តិសុខសម្រាប់ធ្នាប់ សេចក្តីសុខជូនប្រជាពលរដ្ឋទូទាំងប្រទេស។
នៅទីនេះរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនគណៈបញ្ជាការរាជធានី ខេត្ត ឲ្យយកចិត្តទុកដាក់អាទិភាពខ្ពស់លើការងារ ការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថភាពសង្គម។ កាលណាមានសុវត្ថិភាព មានសេចក្តីសុខ ធ្វើឲ្យមន្ត្រីរាជការហ្នឹងន៎ ក្នុងការបម្រើការងារ និងប្រជាពលរដ្ឋ ហ្នឹងន៎ធ្វើអាជីវកម្ម ធ្វើស្រែចម្ការ ពោលគឺបំណងតែមួយគត់ បង្កើនចំណូលសម្រាប់គ្រួសារ និងសង្គមជាតិទៅថ្ងៃខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានអនុវត្តរលូន ហេដ្ឋារចនាសម្ព័ន្ធ ខ្សែសង្វាក់ ពីលើដល់ក្រោម ពោលគឺតាំងពីថ្នាក់កណ្ដាល រហូតដល់ឃុំ ភូមិ គឺដំណើរការអភិវឌ្ឍយ៉ាងសកម្មដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ៕