អភិបាលខេត្តព្រះវិហារ ណែនាំមន្ទីរសុខាភិបាលខេត្ត លុបបំបាត់សេវាព្យាបាលឯកជនខុសច្បាប់ និងការផ្សព្វផ្សាយអាហារបំប៉នគ្មានលិខិតអនុញ្ញាត


ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងណែនាំដល់មន្ទីរសុខាភិបាលខេត្ត ត្រូវត្រួតពិនិត្យលុបបំបាត់សេវាព្យាបាលឯកជនខុសច្បាប់ និងការផ្សព្វផ្សាយអាហារបំប៉នគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវតាមដានពិនិត្យ និងវាយតម្លៃគុណភាពសេវាឱ្យបានទៀងទាត់ គិតទាំងគុណភាពសេវាក្នុងវិស័យឯកជនផងដែរ និងត្រូវចាត់វិធានការក្នុងការកែលម្អនូវគ្រប់ចំណុចខ្វះខាត ដើម្បីធ្វើឱ្យគុណភាពនៃការព្យាលជំងឺកាន់តែមានប្រសិទ្ធិភាព និងកាន់តែទទួលបាននូវការជឿទុកចិត្តពីអ្នកជំងឺ។

ការថ្លែងណែនាំរបស់ឯកឧត្តម គីម រិទ្ធី ក្នុងឱកាសដែលអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការប្រចាំឆ្នាំ២០២៣ និងទិសដៅការងារប្រចាំឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកវជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការ តាមមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរង ក្រុង ស្រុក ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ស្រុក មណ្ឌុលសុខភាព ប៉ុស្តសុខភាព មេឃុំ ចៅសង្កាត់ និងដៃគូរអភិវឌ្ឍន៍ជាច្រើនទៀត។

ឯកឧត្តម គីម រិទ្ធី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងសហការីទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយភារកិច្ចមនសិការវិជ្ជាជីវៈត្រឹមត្រូវក្នុងការលើកស្ទួយវិស័យសុខាភិបាល លើកកម្ពស់ខឿនសុខភាព និងសង្គ្រោះអាយុជីវិតប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៍សំបុរឡើយ ពិសេសការរៀបចំយុទ្ធនារផ្តល់ឈាមដើម្បីសង្ក្រោះអាយុជីវិត ដែលរួមចំណែកយ៉ាងសំខានក្នុងការកាត់បន្ថយអត្រាស្លាប់របស់អ្នកជំងឺ អត្រាមរណៈភាពមាតា និងទារក ជំងឺឆ្លង និងជំងឺមិនឆ្លងផ្សងៗទៀត។

ឯកឧត្តមអភិបាលខេត្តព្រះវិហារថ្លែងបញ្ជាក់ទៀតថា ការរៀបចំសន្និបាតរបស់មន្ទីរសុខាភិបាលខេត្តនេះ គឺស្ថិតក្រោមបរិយាកាសរីករាយក្រោមដំបូលនៃសន្តិភាពសុខ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតដ៍ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានបន្តដឹកនាំប្រទេសជាតិក្នុងការប្រតិបត្តិតាមមាក៌ាដ៏ប្រពៃ និងមរតកនយោបាយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នៈឈ្នៈ និងជាបិតាសន្និភាពកម្ពុជា។

ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងណែនាំដល់មន្ទីរសុខាភិបាលខេត្ត សូមយកចិត្តទុកដាក់អនុវត្តនូវការងារសំខាន់ជាអាទិភាពមួយចំនួនរួមមាន៖

* សូមបន្តរក្សាបាននូវសាមគ្គីផ្តៃក្នុង បង្កើនកិច្ចសហការ និងកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាព ស្ថាប័ន និងដៃគូរអភិវឌ្ឍនានា។
* ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពនៃសេវាសុខាភិបាល ជាពិសេសសេវាសុខភាពបឋម សេវាសង្គ្រោះបន្ទាន់ ។
* រៀបចំសោភ័ណភាព បរិស្ថានរបស់អង្គភាព និងត្រៀមលក្ខណៈមធ្យោបាយ បុគ្កលិក ធនធាន បរិក្ខាផ្សេងៗ ក្នុងការជួយសង្រ្គោះនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
* បន្តយកចិត្តទុកដាក់ក្នុងការអនុវត្តយុទ្ធនាការផ្តល់ឈាម(ផ្តល់ឈាមផ្តល់ក្តីស្រឡាញ់ ផ្តល់ឈាមដើម្បីសង្គ្រោះអាយុេជីវិត)ឱ្យមាននិរន្តរភាព និងបំផុសឱ្យមានការចូលរួមថែមទៀត។
* តាមដានត្រួតពិនិត្យ និងវាយតម្លៃគុណភាពសេវាឱ្យបានទៀងទាត់ គិតទាំងគុណភាពសេវាក្នុងវិស័យឯកជនផងដែរ និងត្រូវចាត់វិធានការក្នុងការកែលម្អនូវគ្រប់ចំណុចខ្វះខាត ដើម្បីធ្វើឱ្យគុណភាពនៃការព្យាលជំងឺកាន់តែមានប្រសិទ្ធិភាពនិងកាន់តែទទួលបាននូវការជឿទុកចិត្តពីអ្នកជំងឺ។
* ត្រូវធានាថាមន្ទីរពេទ្យ មណ្ឌុលសុខភាព ប៉ុស្តិ៍សុខភាព ចាំបាច់ត្រូវមានគ្រូពេទ្យ បុគ្កលិក យាមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ទាំងនៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យទានផ្សេងៗ ដើម្បីធានាការពិនិត្យ និងព្យាបាល។
* ត្រួតពិនិត្យលុបបំបាត់សេវាឯកជនខុសច្បាប់ព្យាបាល និងការផ្សព្វផ្សាយអាហារបំប៉នគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល៕