ក្រសួងមហាផ្ទៃ បង្ហាញលទ្ធផលផ្លូវការនៃដំណើរទស្សនកិច្ចរបស់ ឧបនាយករដ្ឋមន្ដ្រី ស សុខា និងគណៈប្រតិភូជាន់ខ្ពស់ នៅទីក្រុងដាណាំង ប្រទេសវៀតណាម


ក្រសួងមហាផ្ទៃ បានចេញផ្សាយនូវលទ្ធផលផ្លូវការ នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៤។

នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងនាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈឡាវ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរវាងក្រសួងទាំងបី។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា, លោកឧត្តមសេនីយ៍ឯក តូ ឡឹម និងនាយឧត្ដមសេនីយ៍ វិស័យ ឡាខាំហ្វង បានធ្វើការវាយតម្លៃទៅលើទិដ្ឋភាពរួម និងការវិវត្តនៃសភាពការណ៍ សកលលោក និងសភាពការណ៍តំបន់ ដែលអាចជះឥទ្ធិពលមកលើសភាពការណ៍ទូទៅក្នុងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម លើទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។

ភាគីទាំងបី ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសទាំងបី ដែលបានបន្តរក្សាទំនាក់ទំនង និងកិច្ចសហការជិតស្និទ្ធ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ជាពិសេសកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងការថែរក្សាសន្តិសុខនៅតាមតំបន់ព្រំដែន រវាងប្រទេសទាំងបី ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានផ្លូវការ៖