ព្រះមហាក្សត្រ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជាស្រ្តីឆ្នើម មានស្មារតីមោះមុតដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ


រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួន២ ក្នុងនោះទី១៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និង ទី២៖ របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។

ក្នុងព្រះរាជសារ ផ្ញើជូនសម័យប្រជុំរដ្ឋសភា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសម្តែងព្រះរាជហឫទ័យសោមនស្ស​រីករាយ​ក្រៃលែង ដោយបានគូសបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការ​ធិបតី ប្រធានរដ្ឋសភា ជាស្ត្រីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា ក្នុងការបំពេញ​មុខងារ​ស្នូល​ទាំងបី រួមមាន ការងារនីតិកម្ម ការងារតាមដានការអនុវត្តច្បាប់និងគោលនយោបាយ និងមុខងារជាតំណាង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង​គិតគូរ​ដល់​​ឧត្តម​ប្រយោជន៍​ជាតិជាធំ។

ព្រះករុណាជាអម្ចាស់បាន​វាយ​តម្លៃខ្ពស់ចំពោះសមាជិក សមាជិកា​រដ្ឋសភាទាំងអស់នៃនីតិកាលទី៧ ជា​ឥស្សរជនឆ្នើម​ដែលមាន​ស្នាដៃ និង​បទ​ពិសោធន៍ល្អៗយ៉ាងសម្បូរបែប​ ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជា​នៃ​យើងឆ្ពោះទៅរកវឌ្ឍនភាព វិបុល​ភាព និងសុខដុមរមនា។

អង្គព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតឡើងចេញពីការបោះឆ្នោតប្រកប​ដោយ​សេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈ​ក្នុង​រដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០ អាសនៈ និងគណបក្សហ្វុនស៊ិនប៉ិចទទួលបាន ៥​ អាសនៈ ដោយបង្កើតបានរដ្ឋសភានីតិកាលទី៧ (២០២៣-២០២៨) ដឹកនាំដោយសម្តេច​មហារដ្ឋសភាធិ​ការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលទទួលបាន​ដំណែង​ដ៏ឧត្តុង្គ​ឧត្តម​នេះ។

ក្នុងព្រះរាជសារផ្ញើជូនរដ្ឋសភាក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២​ នីតិកាលទី៧នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានកោតសរសើរ ដល់ការដឹកនាំរបស់​ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី ដែរ។

ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជអង្គការថា សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែតជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត​ វាងវៃ និងមោះមុត បន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាន​ដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាព​ខ្ពស់លើឆាកអន្តរជាតិ។

ព្រះរាជសារជូនរដ្ឋសភាបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានថ្នាក់ដឹកនាំជាយុវជនវ័យក្មេង ប្រកបដោយ​ចំណេះដឹង ឆន្ទៈមោះមុត​និងការប្តេជ្ញាចិត្តខ្ពស់ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តអនុវត្ត​យុទ្ធ​សាស្រ្ត​បញ្ចកោណ​ ដំណាក់កាលទី១ និងគោល​នយោបាយសំខាន់ៗ ជាពិសេសគោលនយោបាយជាតិ​ផលិត​ភាព​សេដ្ឋកិច្ចកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច​ និងសង្គមឌីជីថលកម្ពុជា ដើម្បី​លើក​កម្ពស់​សេដ្ឋ​កិច្ច​ជាតិ​និងការ​អភិ​វឌ្ឍ​​ប្រកបដោយចីរភាព។

សូមជម្រាបថា ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ត្រូវបានអានជូនអង្គសភាដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ។ ចំណែករបាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ត្រូវបានអានជូនអង្គសភាដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា៕