រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី លើកទឹកចិត្ដដល់សហគ្រិនជាស្រ្តី បន្តការខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍអាជីវកម្មខ្លួន និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ


លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានលើកទឹកចិត្ដដល់បងប្អូនសហគ្រិនជាស្រ្តីទាំងអស់ បន្តការខិតខំប្រឹងប្រែង និងមានមោទនភាពលើខ្លួនឯង ដើម្បីការអភិវឌ្ឍអាជីវកម្មខ្លួន និងក្នុងការចូលរួមស្តារសេដ្ឋកិច្ច និងឈានទៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ការលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅបន្តឆ្នាំ ២០២៤ និងការបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៥ ឆ្នាំ២០២៤-២០២៧ របស់សមាគមសហគ្រិនស្រ្តីកម្ពុជា នៅសណ្ឋាគារសុខារេស៊ីដង់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា ក្រសួងកិច្ចការនារី កំពុងអនុវត្តយុទ្ធសាស្រ្ត ក្នុងពង្រីកមុខងាររបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី (WDC) តាមបណ្តាខេត្ត ក្នុងភាពជាដៃគូជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធ ក្នុងការគាំទ្រដល់ស្ត្រី ចាប់ផ្តើមអាជីវកម្ម ជាពិសេសជាមួយអាជីកម្មខ្នាតមីក្រូ និងមិនផ្លូវការតាមសហគមន៍។

លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី បានបន្ថែមថា មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី (WEDC) កំពុងចាប់ផ្តើមដំណើរការ ក្នុងការពង្រីកភាពជាដៃគូ និងសម្របសម្រួលជាមួយវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រដល់ស្រ្តី ដែលស្ថិតក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម។

លើសពីនោះទៀត លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី បានឲ្យដឹងថា ក្រសួងក៏នៅបន្តគាំទ្រ ដល់សមាគមសហគ្រិនស្រ្តី និងអាជីវករជាស្រ្តីផ្សេងៗទៀត តាមរយៈការ ចូលរួមបញ្ជ្រាបយេនឌ័រ និងតម្រូវការរបស់ស្រ្តីជាអាជីវករ ក៏ដូចជាសំណូមពរនានារបស់បងប្អូន ទៅក្នុងក្របខ័ណ្ឌគោលនយោបាយ និងកម្មវិធីនានារបស់ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី បានគូសរំលេចនូវទស្សនៈ និងមតិយោបល់មួយចំនួន ដូចខាងក្រោម៖

ទី១៖ សូមបងប្អូនសហគ្រិនជាស្រ្តីទាំងអស់ បន្តការខិតខំប្រឹងប្រែង និងមានមោទនភាពលើខ្លួនឯង ដែលកន្លងមក និងបច្ចុប្បន្ន មិនត្រឹមតែខិតខំប្រឹងប្រែពុះពារ ដើម្បីការអភិវឌ្ឍអាជីវកម្មខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណែកដ៏មានតម្លៃ ក្នុងការចូលរួមស្តារសេដ្ឋកិច្ច និងឈានទៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ទី២៖ បន្តអភិវឌ្ឍន៍ជំនាញនិងចំណែះដឹង លើការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន និងបុគ្គលនៅក្នុងបន្ទុកខ្លួន ប្រកបដោយបុរេសកម្ម ច្នៃប្រឌិត និងនវានុវត្ត ដើម្បីឲ្យឆ្លើយតបនឹងតម្រូវការ និងការវិវត្តដ៏លឿនរបស់សង្គម ជាពិសេសការភ្ជាប់នឹងមធ្យោបាយ និងដំណោះស្រាយអាជីវកម្មផ្នែកបច្ចេកវិទ្យាឌីជីថល។

ទី៣៖ សូមបងប្អូនសហគ្រិនទាំងអស់ រួមគ្នាពង្រឹងនិងភ្ជាប់បណ្តាញទំនាក់ទំនង ដែលនេះជាកម្លាំងដ៏សំខាន់មួយ ក្នុងការគាំទ្រគ្នាទៅវិញទៅមក និងការពង្រីកវិសាលភាពរបស់សម្លេងផង និងរួមកម្លាំងធុរកិច្ច ក្នុងស្រុក សម្រាប់ជាកម្លាំងនៃការប្រកួតប្រជែងជាមួយទីផ្សារខាងក្រៅផង។ ដូចពាក្យស្លោកមួយ បានលើកឡើថា «បើអ្នកចង់ទៅលឿន ទៅតែឯង, បើអ្នកចង់ទៅបានឆ្ងាយ ទៅជាមួយគ្នា»

ទី៤៖ សូមសមាគម CWEA, បន្តអនុវត្តយុទ្ធសាស្រ្តពង្រឹង និងពង្រីកសាខាខ្លួន នៅតាមបណ្តាខេត្ត ដើម្បីឲ្យក្លាយជាកម្លាំងសហគ្រិនស្រ្តីកាន់តែទូលំទូលាយ និងដោយមានសក្តានុពល៕