ឯកឧត្តមបណ្ឌិត កៅ គឹមហួន ចាប់ផ្តើមទស្សនកិច្ចផ្លូវការនៅទីម័រខាងកើត


តមតាមការអញ្ជើញរបស់លោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ហើយនៅល្ងាចថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីឌីលី ប្រទេសទីម័រខាងកើត។

អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពរបស់ទីម័រខាងកើត ជាពិសេស ពាក់ព័ន្ធនឹងសសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រខាងកើត ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានឆ្លៀតឱកាសដើម្បីបញ្ជាក់ឡើងវិញពីការគាំទ្រពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ដំណើរពេលខាងមុខរបស់ទីម័រខាងកើត។ បន្ទាប់ពីកិច្ចប្រជុំនេះ ក៏មានការធ្វើសន្និសីទសារព័ត៌មានរួមផងដែរ។

នៅល្ងាចថ្ងៃចន្ទនេះ នៅរដ្ឋធានីឌីលី ប្រទេសទីម័រខាងកើត បន្ទាប់ពីជំនួបជាមួយលោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត រួចមក លោក បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារស្វាគមន៍ រៀបចំដោយរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដើម្បីស្វាគមន៍វត្តមាន អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅទីម័រខាងកើត ដើម្បីត្រៀមសម្រាប់ដំណើរការរបស់ទីម័រខាងកើត ឆ្ពោះទៅរកសមាជិកភាពពេញសិទ្ធិនៅក្នុងអាស៊ាន៕