អនុប្រធានទី២ រដ្ឋសភា បង្ហាញសុទិដ្ឋិនិយម ចំពោះយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដឹកនាំប្រទេសជាតិក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០


មានប្រសាសន៍នៅក្នុងពីធីសម្ពោធឆ្លងសាលាកុដិ១ខ្នង អគារមត្តេយ្យសិក្សា១ខ្នង និងផ្ទះថ្ម១ខ្នង ជូនចាស់ជរាពិការក្រីក្រ ព្រមទាំងសមិទ្ធផលនានា នៅវត្តជោតិវ័ន្ត និងសាលាបឋមសិក្សាជាច ស្ថិតនៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ​ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានបង្ហាញអំពីសុទិដ្ឋនិយមចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីនាំប្រទេសជាតិក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ថ្លែងទៅកាន់ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ ដែលបានចូលរួមក្នុងពីធីនេះ ឯកឧត្តមលើកឡើងថា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ បានចាប់ផ្តើមការងាររបស់ខ្ពួនដោយភាពស្វាហាប់ អស់រយៈពេលជាងកន្លះឆ្នាំ មកហើយ ដោយមានការគាំទ្រពីពលរដ្ឋទូទាំងប្រទេស។ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកប ដោយចីរភាព និងបរិយាប័ន្ន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម វង សូត បានថ្លែងអំណរគុណព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត លោកគ្រូអ្នកគ្រូ សប្បុរសជន រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ បានរួមសាមគ្គីគ្នាកសាងសមិទ្ធិផល យ៉ាងច្រើនរួមមាន៖

*កុដិថ្ម០១ខ្នង មាន ១៤បន្ទប់ របងវត្ត ប្រវែង១៣៨ម៉ែត្រ ផ្លូវបេតុង និងបន្ទប់ទឹក ០១ខ្នង៣បន្ទប់ ចំណាយអស់ថវិកាចំនួន ៥០៧.៨២០.៥០០រៀល ក្នុងនោះថវិកាលោក វង សូត និងលោកស្រី ២៦០.០០០.០០០រៀល។
*អគារមត្តេយ្យសិក្សា១ខ្នង មាន៣បន្ទប់ ចំណាយអស់ថវិកាចំនួន ២៥២.០០០.០០០រៀល ដែលជាការឧបត្ថម្ភរបស់លោកផ្ទាល់ និងលោកស្រី។
*ផ្ទះថ្ម១ខ្នង ជូនចាស់ជរាក្រីក្រពិការ ចំណាយអស់ថវិកាចំនួន ២០.០០០.០០០រៀល ដែលជាការឧបត្ថម្ភរបស់លោកផ្ទាល់ និងលោកស្រី។

នៅក្នុងឱកាសនោះឯកឧត្តម វង សូត បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួមក្នុងពិធីសម្ពោធនាពេលនេះ ដោយក្តីនឹករលឹក និងការគិតគូអំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។

ចុងក្រោយឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការថែក្សារសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់រៀបរយ ដើម្បីធានាបាននូវភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តម វង សូត និងលោកជំទាវ បាននាំយកនូវសម្ភារ និងថវិកាចែកជូនដលប្រជាពលរដ្ឋ១.០៤០នាក់ ក្នុងម្នាក់ៗ ថវិកា១ម៉ឺនរៀល យាយជី-តាជី ៥០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ ថវិកា ១ម៉ឺនរៀល លោកគ្រូ-អ្នកគ្រូ ១២០ នាក់ ក្នុងម្នាក់ៗ ថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស ៥៣៦ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច២ដើម ថវិកា ៥ពាន់រៀល យុវជន ស.ស.យ.ក ២៦នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀល កម្លាំងការពារ ៥០ម៉ឺនរៀល គ្រូពេទ្យស្ម័គចិត្ត ចំនួន ៥០ម៉ឺនរៀល ជូនផ្ទះ១ខ្នង ថវិកា១លានរៀល និងសម្ភារៈមួយចំនួនដល់អ៊ំ ចែម ជានៅ ជូនអ៊ំស្រី ញ៉ាវ យី ថវិកា២០ម៉ឺនរៀល និងអ៊ំស្រី ចែម គឹម ថវិកា ២០ម៉ឺនរៀល ឧបត្ថម្ភថវិកា៨ឃុំ ក្នុង១ឃុំទទួល១លានរៀល ប្រគេនបច្ច័យដល់វត្តចំនួន៧ ក្នុង១វត្តបច្ច័យ១លានរៀល និងឧបត្ថម្ភថវិកា៥លានរៀលដល់សាលាបឋមសិក្សាជាចសម្រាប់សម្រាប់សាងសង់ប្រព័ន្ធទឹកស្អាត៕