តាមការគ្រោងទុកចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (United Arab Emirates) នឹងភ្ជាប់ជើងហោះហើរជាមួយគ្នាឡើងវិញ ដោយភ្ជាប់ភ្នំពេញ ទៅទីក្រុងឌូបៃ បន្ទាប់ពីផ្អាកការហោះហើរជាច្រើនឆ្នាំ ចាប់តាំងតែពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ មកដល់ពេលនេះ។
ឯកឧត្តម ស៉ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុញ្ញាតទាំំងកម្រិតនយោបាយ និងបច្ចេកទេស ជូនក្រុមហ៊ុនអាកាសចរណ៍ Emirates រួចរាល់ហើយ ក្នុងដំណើរការបើកការហោះហើរឡើងវិញ រវាងរាជធានីភ្នំពេញ-សិង្ហបុរី-ទីក្រុងឌូបៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤តទៅ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរ និងពាណិជ្ជកម្ម។
ឯកឧត្តម ស៉ីន ចាន់សេរីវុត្ថា បញ្ជាក់ថា «បើសិនគ្មានអ្វីប្រែប្រួល ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាប់ផ្តើមបើកការហោះហើរចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខតទៅ ដោយមាន៧ជើងក្នុងមួយសប្តាហ៍ គឺនឹងធ្វើការហោះហើរជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់យន្តហោះប្រភេទ Boing 777 ដែលជាប្រភេទយន្តហោះផ្លូវឆ្ងាយ និងដឹកបានមនុស្សច្រើន»។
បើតាមក្រុមហ៊ុនអាកាសចរណ៍ Emirates ខ្លួននឹងប្រើប្រាស់យន្តហោះ ដែលមានប្រភេទកៅអីបីប្រភេទ យន្តហោះ Boeing 777-300ER។ ក្រុមហ៊ុន Emirates នឹងផ្តល់ជូនបន្ទប់ឯកជន First Class ចំនួន ៨ កៅអី កៅអីអង្គុយលក្ខណៈបែប Business Class ចំនួន ៤២ កៅអី និងកៅអីធំទូលាយបែប Economy Class ចំនួន ៣១០កៅអី។
Emirates SkyCargo ក៏នឹងផ្តល់សមត្ថភាពផ្ទុកទំនិញលើយន្តហោះ Boeing 777-300ER ជាង៣០០ តោនក្នុងមួយសប្តាហ៍ សម្រាប់ការដឹកជញ្ជូនទាំងក្នុង និងក្រៅទីក្រុងភ្នំពេញ។ ទំនិញសំខាន់ៗដែលនាំចេញពីទីក្រុងភ្នំពេញ រួមមាន៖ វាយនភ័ណ្ឌ ឱសថ និងទំនិញមានតម្លៃខ្ពស់ផ្សេងទៀត៕