ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើធនាគារឥស្លាមថៃ ពិនិត្យលទ្ធភាពវិនិយោគលើ វិស័យធនាគារបែបឥស្លាមនៅកម្ពុជា


នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារជាមួយ លោក Thawilap Ridthapirom នាយកប្រតិបត្តិធនាគារឥស្លាមថៃ (Islamic Bank of Thailand) នៃក្រសួងហិរញ្ញវត្ថុថៃ នៅខេត្តប៉ាតានី ប្រទេសថៃ។

ជំនួបនេះធ្វើឡើងឆ្លៀតក្នុងឱកាស ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ចូលរួមកម្មវិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន និងផ្តល់មូនិធិដល់កុមារកំព្រា ជាមួយមេដឹកនាំឥស្លាមទាំង ៥ខេត្ត នៅភាគខាងត្បូងប្រទេសថៃ ក្រោមអធិបតីភាពលោក Wan Mohammad Noor Matha ប្រធានរដ្ឋសភាថៃ និងលោក Aroon Boonchom ប្រធានក្រុមប្រឹក្សាកណ្ដាលឥស្លាមថៃ ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ពីអតីតកាលកម្ពុជា ដែលជាប្រទេសមួយ មានសង្គ្រាមរាំរ៉ៃប្រមាណជាង៣០ឆ្នាំ ប៉ុន្តែនាពេលបច្ចុប្បន្នកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ដូចជាមានការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ផ្សេងៗទៀត ដែលផ្តល់ភាពងាយស្រួលសម្រាប់វិនិយោគិនមកពីក្រៅប្រទេសមកវិនិយោគ នៅកម្ពុជា។

ឯកឧត្តមបណ្ឌិតថ្លែងបន្តថា ដោយសារមានការរីកចម្រើនលើគ្រប់វិស័យ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងទទួលបានកំណើនដល់ទៅ ៦,៦% ក្នុងឆ្នាំ២០២៤ ខណៈឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ៥,៦%។

ទន្ទឹមគ្នាដែរ ឯកឧត្តម អូស្មាន ហាស្សាន់ បានស្នើឲ្យធនាគារឥស្លាមថៃ ពិនិត្យលទ្ធភាពមកវិនិយោគលើវិស័យធនាគារ បែបឥស្លាមនៅកម្ពុជា ខណៈកម្ពុជាពុំទាន់មានការវិនិយោគលើវិស័យនេះនោះទេ ហើយវិស័យនេះមិនសំដៅតែគាំទ្រលើសហគមន៍ឥស្លាមនោះទេ គឺគាំទ្រជាលក្ខណៈទូទៅ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ភាគីធនាគារដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបើកឱកាស និងផ្តល់ជំនឿទុកចិត្ត ភាពកក់ក្តៅដល់អ្នកវិនិយោគិន និងបានផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីអាចធ្វើការពិចារណាក្នុងការមកវិនិយោគ សម្រាប់ជាផលប្រយោជន៍រួម។

ជាកិច្ចឆ្លើយតប បន្ទាប់ពីបានស្តាប់ការរៀបរាប់ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយលោកទេសរដ្ឋមន្ត្រីខាងលើរួច នាយកប្រតិបត្តិធនាគារឥស្លាមថៃ បានបង្ហាញការសាទរជាខ្លាំង ចំពោះការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា យ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា នឹងពិនិត្យលទ្ធភាពមកសិក្សាឱកាសវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាជាប្រទេសដែលមានសុខសន្តិភាព និងផ្តល់ភាពងាយស្រួលដល់​អ្នកវិនិយោគផងដែរ៕