អភិបាលខេត្តកំពង់ចាម ផ្តល់គន្លឹះ៣ចំណុចដល់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ក្នុងការប្រើមន្ត្រីឲ្យបំពេញការងារប្រកបដោយប្រសិទ្ធភាព


ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់ជាគន្លឹះ៣ចំណុចដល់ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន ក្នុងការប្រើមន្ត្រីឲ្យបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្តបានថា ថ្នាក់ដឹកនាំក្នុងជួរគណៈអភិបាល នាយករដ្ឋបាល ព្រមទាំងប្រធានការិយាល័យផ្សេងៗ ជំនួសឲ្យសាលាខេត្តត្រូវមានគន្លឹះក្នុងការប្រើមន្ត្រីឲ្យចេះធ្វើការដូចខាងក្រោមនេះ៖

*ទី១៖ ត្រូវឱ្យមន្ត្រីចេះធ្វើការ

*ទី២៖ ត្រូវឱ្យមន្ត្រីមានសិទ្ធិសម្រេចក្នុងកម្រិតការងាររបស់គាត់ ដោយភាពទទួលខុសត្រូវ

*ទី៣៖ ត្រូវផ្ដល់ធនធាន និងមធ្យោបាយឲ្យពួកគាត់ធ្វើការ

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ប្រការដែលចេះប្រើមន្ត្រីចេះធ្វើការនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យមានប្រសិទ្ធភាពការងារ និងដើម្បីឲ្យអង្គភាពរបស់យើងមានភាពរឹងមាំ ដែលនាំមកនូវការរីកចម្រើនដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។

ឯកឧត្តមអភិបាលខេត្តបានយកឱកាសនោះផ្ដើមផ្ញើដល់មន្ត្រីរាជការទាំងអស់ សូមយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀតក្នុងការបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អ និងពង្រឹងការបម្រើសេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព កាន់តែទន្លំទូលាយ និងកាន់តែដល់ដៃ កៀកកិតជាមួយប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ត្រូវពង្រឹងនូវការអភិវឌ្ឍ កាកសាងនានាឲ្យមាននិរន្តរភាពបន្តទៀត៕