ឯកឧត្តម ឃួង ស្រេង៖ កម្ពុជាត្រូវការអ្នកវិនិយោគវៀតណាម មកវិនិយោគច្រើនបន្ថែមទៀត ពិសេសនៅភ្នំពេញ ដើម្បីឲ្យសេដ្ឋកិច្ចប្រទេសទាំង២ កាន់តែរីកចំរើនខ្លាំងឡើង


(ភ្នំពេញ)៖ «កម្ពុជាត្រូវការអ្នកវិនិយោគវៀតណាម មកវិនិយោគនៅប្រទេសកម្ពុជា ឲ្យបានច្រើនបន្ថែម ពិសេសនៅភ្នំពេញ ដើម្បីឲ្យសេដ្ឋកិច្ច នៃប្រទេសទាំង២មានភាពរីកចំរើនបន្ថែមទៀត»។ នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តម និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្តម ម៉ាយ វាំង ហ្វិញ (MAI VAN HUYNH) ប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តគៀនយ៉ាង ចូលរួមជូនពរក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា វៀតណាមបានជួយរំដោះប្រទេសកម្ពុជាឲ្យចេញពីរបបប៉ុលពត ហើយបច្ចុប្បន្ននេះកម្ពុជាមានការអភិវឌ្ឍរីកចម្រើនរុងរឿង ចំណែកវៀតណាមក៏មានមានសេដ្ឋកិច្ចប្រសើរឡើងផងដែរ។ កម្ពុជា និងវៀតណាមមានសាមគ្គីភាពគ្នារឹងមាំ ទោះក្នុងដំណាក់កាលណាក៏ដោ ក៏នៅតែរួមសុខរួមទុក្ខជាមួយគ្នារហូត។

ឯកឧត្តមបន្តថា «ខេត្តគៀនយ៉ាង បានចងសម្ព័ន្ធភាពសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។ ការចងសម្ព័ន្ធមេត្រីភាពនេះ យើងបានពួនជ្រុំសាមគ្គីភាពរវាងទីក្រុងទាំងពីរកាន់តែមានភាពរឹងមាំ។ ជាធម្មតាប្រទេសទាំងពីរ កម្ពុជា-វៀតណាមឲ្យតែមានពិធី បុណ្យចូលឆ្នាំថ្មីម្តងៗតែងតែចាត់ប្រតិភូអោយមកជូនពរគ្នាទៅវិញទៅមក មិនដែលខកខានឡើយ។ នេះពិតជាបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អនិងរឹងមាំរវាងប្រទេសទាំងពីរ។ យើងនឹងបន្ត សាមគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែគង់វង្ស រឹងមាំបន្ថែមទៀត ជាមួយនឹងការបន្តផ្សព្វផ្សាយឲ្យយុវជនជំនន់ ក្រោយបានដឹងនិងបន្តទំនាក់ទំនងជាប្រពៃណីល្អនេះបន្តទៅថ្ងៃអនាគតដ៏យូរអង្វែងទៀត»

ឯកឧត្តម ឃួង ស្រេង បានបន្តថា តាមគោលនយោបាយរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបន្តពួនជ្រុំ មិត្តភាព រិតចំណងសាមគ្គីភាពជាមួយវៀតណាមឲ្យកាន់តែរឹងមាំ និងយូរអង្វែង ដើម្បីប្រយោជន៍នៃប្រជាជនទាំង២។ ទន្ទឹមនឹងនេះ កម្ពុជាពិតជាត្រូវការអ្នកវិនិយោគវៀតណាម មកវិនិយោគនៅប្រទេសកម្ពុជាអោយបានច្រើនបន្ថែមទៀត ពិសេសនៅរាជធានីភ្នំពេញ។

ឯកឧត្តម  ម៉ាយ វាំង ហ្វិញ បានលើកឡើងថា ការជួបសំណេះសំណាល នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ គឺដើម្បីបង្ហាញពីការពិការរិតចំណងសាមគ្គីភាព រវាងប្រទេសទាំង២ ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាបន្ថែមទៀត ពិសេសរាជធានីភ្នំពេញ និងទីក្រុងគៀងយ៉ាង។ ជារៀងរាល់ឆ្នាំឱ្យតែមានពិធីបុណ្យចូលឆ្នាំថ្មីគឺប្រទេសទាំងពីរតែងចាត់ឱ្យប្រតិភូ ចុះសួរសុខទុក្ខនិងជូនពរគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ។

ឯកឧត្តម  ម៉ាយ វាំង ហ្វិញ បន្តថា រាជធានីភ្នំពេញ ក្នុងប៉ុន្មានឆ្នាំក្រោយចុងក្រោយនេះ ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសប្រទេសកម្ពុជា មានផ្លូវល្បឿនលឿន ដែលនេះពិតជាបង្ហាញឲ្យឃើញពីការដឹកនាំដ៏ល្អ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងអភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចំរើនរុងរឿងបន្ថែមទៀត៕