ឯកឧត្តមអភិបាលខេត្តព្រះវិហារ និងលោកជំទាវ ដឹកនាំមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ចូលរួមបង្សុកូល ពូនភ្នំខ្សាច់ រាប់បាត្រ ឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី នៅវត្តប្រាសាទគោកបេង ក្រុងព្រះវិហារ


ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី គីមរិទ្ធី នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃចូលឆ្នាំថ្ងៃទី៣ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ចូលរួមពិធីបង្សុកូល រាប់បាត្រ និងពូនភ្នំខ្សាច់ នៅវត្តប្រាសាទគោកបេង ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ និងថ្នាក់ដឹកនាំខេត្ត លោក លោកស្រី ជាប្រតិភូអមដំណើរ បានអុជធូបថ្វាយបង្គំព្រះរតនត្រ័យ ប្រគេនចង្ហាន់ ដល់ព្រះសង្ឃ និងចូលរួមជាមួយប្រជាពលរដ្ឋជាពុទ្ធបរិស័ទក្នុងពិធីបង្សុកូល ពិធីរាប់បាត្រ និងពិធីពូនភ្នំខ្សាច់ ដែលព្រះសង្ឃ គណៈកម្មការ និងអាចារ្យវត្ត បានរៀបចំឡើងទៅតាមកិច្ចសាសនា។

តាមទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរយើងដែលបន្សល់ទុកតាំងពីដូនតា នៅក្នុងឱកាសនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រជាពលរដ្ឋខ្មែរយើង ទាំងប្រុស ទាំងស្រី ចាស់ ក្មេង តែងតែនាំគ្នាទៅវត្ត នាំចង្ហាន់ប្រគេនដល់ព្រះសង្ឃ រៀបចំពលិការគ្រឿងសក្ការបូជា អុជទាន ធូប ប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យធ្វើបុណ្យទានតាមប្រពៃណី ទំនើមទំលាប់ពីដូនតាដែលមានជាយូរលង់មកហើយ។នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ ក៏មានពិធីសាសនាជាច្រើនទៀត ទៅតាមតំបន់ផ្សេងៗ និងនៅតាមវត្តអារាមនានា៕