៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដ ជាង២លាន៣៤ម៉ឺននាក់ ខណៈសន្ដិសុខ សុវត្ថិភាពត្រូវធានាបានយ៉ាងល្អ


យោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តព្រៃវែង បានឱ្យដឹងថា រយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២០២៦៨ គ.ស ២០២៤ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលេងព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង និងតាមរមណីយដ្ឋាននានាចំនួន ២លាន៣៤ម៉ឺននាក់​។

«សង្ក្រាន្ដព្រៃវែង» នេះត្រូវបានដឹកនាំរៀបចំដោយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់អាជ្ញាធរ និងសមត្ថកិច្ច បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តព្រៃវែង ឆ្នាំនេះ គឺមានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានភាពសប្បាយរីករាយ ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត និងកងកម្លាំងពាក់ព័ន្ធទាំងអស់។

សូមជម្រាបថា ក្នុងឱកាសនៃការបើកព្រឹត្តិការណ៍សង្ក្រាន្ត ព្រៃវែងឆ្នាំ២០២៤ នោះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើតឱ្យមានភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ដូចជា៖ ការរៀបចំកម្មវិធីសម្ដែងសិល្បៈ, កម្មវិធីប្រគុំតន្រ្តី, កម្មវិធីលេងល្បែងប្រជាប្រិយផ្សេងៗ, ការតាំងពិព័រណ៍ដាក់បង្ហាញផលិតផលនានា ជាស្នាដៃរបស់ប្រជាពលរដ្ឋនៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តព្រៃវែងទាំងមូល ព្រមទាំងមានកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។

នៅឱកាសនៃការប្រារព្ធពិធីព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី រួមជាមួយនឹងថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមលេងកម្សាន្តជាមួយបងប្អូនប្រជាពលរដ្ឋ យ៉ាងសប្បាយរីករាយជាទីបំផុតនៅ និងប្រកបដោយភាពស្និទ្ធស្នាល។ ទាំងអស់នេះគឺកើតចេញពីការ ដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបា លបានធ្វើឱ្យប្រទេសមានសុខសន្តិភាពពេញលេញ បងប្អូនប្រជាពលរដ្ឋមានសិទ្ធិ សេរីភាពមានឱកាសក្នុងការដើរលេងកម្សាន្ត ក្នុងពិធីបុណ្យផ្សេងៗប្រកបដោយភាពសប្បាយរីករាយ។

នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកស្រី ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង ២០២៤ ដែលមានការចូលរួមឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ដែលប្រារព្ធធ្វើនៅសួនច្បារសម្ដេចក្រឡាហោម ស ខេង ទីរួមខេត្តព្រៃវែង៕