ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង-ស្ថាប័ន


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំ និងបើកនូវកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង ស្ថាប័ន។

កិច្ចប្រជុំត្រូវអញ្ជើញចូលរួមពីសមណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និអ្នកបច្ចេកទេសផ្នែកកម្មវិធី និងផ្នែករដ្ឋបាល ថវិកា មកពីក្រសួង ស្ថាប័ន ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សរុបចំនួន៨៧ រូប។

កិច្ចប្រជុំនេះមានគោលបំណង ដូចខាងក្រោម៖

ទី១. រៀបចំផែនការសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ ឱ្យស្របនឹងគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ក្រសួង ស្ថាប័ន។

ទី២. លើកសំណើថវិកាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី៣. សម្របសម្រួលរវាងផ្នែកកម្មវិធីអេដស៍ និងផ្នែករដ្ឋបាលហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ នៃក្រសួង ស្ថាប័ន ដើម្បីអាចនូវអនុវត្តសកម្មភាព និងថវិកា ក្នុងការឆ្លើយតបនឹងមេរោគអេដស៍របស់ក្រសួង ស្ថាប័ន។

ទី៤. អនុវត្តសកម្មភាពឆ្លើយតបនឹងមរោគអេដស៍ ដូចមានចែងក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ក្រសួង ស្ថាប័ន។

ដោយបានការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអង្គប្រជុំ បទបង្ហាញចំនួន២ ត្រូវបានបង្ហាញដែលមានដូចខាងក្រោម៖

ទី១. បទបង្ហាញ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង ស្ថាប័ន ដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ឯកឧត្តមបណ្ឌិត បានបង្ហាញដោយបង្ហាញសង្ខេបពីគោលនយោបាយជាតិ ដែលមានគោលបំណង ១)-សម្រេចទប់ស្កាត់ការឆ្លងថ្មីឱ្យបានក្រោមមួយករណី ក្នុងមួយថ្ងៃឬជាង២០០នាក់ក្នុងមួយឆ្នាំ, ២)-សម្រេចទប់ស្កាត់ការស្លាប់ដោយសារអេដស៍ឱ្យបានក្រោម២០០នាក់ក្នុងមួយឆ្នាំ និង៣)-បំបាត់ការរើសអើងនិងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ ឱ្យអស់ពីសង្គមកម្ពុជា និងដោយវិធានចំនួន៥៨ សម្រាប់អនុវត្ត។

ទី២. បទបង្ហាញ ស្តីពីធាតុចូលនៃយុទ្ធសាស្ត្របង្ការការពារមេរោគអេដស៍ពីភាគីពាក់ព័ន្ធ ដោយលោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយបង្ហាញនូវចំនុចនានា ដូចជា៖ សារបាន និងបុព្វហេតុនៃការឆ្លើយតបនឹងមេរោគអេដស៍ និងផែនទីបង្ហាញផ្លូវ ទាក់ទងនឹងការបង្ការរបស់ UNAIDS និងរបស់គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវីធីអេដស៍ ២០២៣-២០២៨។

ឯកឧត្តមក៏បានបញ្ជាក់ការធ្វើសុខដុមនីយកម្មនៃផែនទីបង្ហាញផ្លូវ នៃផែនការយុទ្ធសាស្រ្តជាតិលើកទី៦ ផែនការសកម្មភាពថវិកាជាតិ និងចីរភាពការឆ្លើយតបនឹងមេរោគអេដស៍ ការធ្វើផែនការជាតិ និងយុទ្ធសាស្រ្តជាតិ ទាក់ទងនឹងផ្នែកបង្ការ និងបង្កើតនូវផែនការ និងអន្តរាគមន៍ ដើម្បីឈានទៅសម្រេចបាននៃការឆ្លើយតបនឹងមេរោគអេដស៍ ព្រមទាំងធាតុចូលសំខាន់ៗ នៃកិច្ចប្រជុំស្តីពីការបង្ការ ពីភាគីពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់នូវមតិ និងអនុសាសន៍ដល់កិច្ចប្រជុំដូចខាងក្រោម៖

*ទី១. ផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ ផ្តោតលើសំខាន់លើផ្នែកបង្ការ។
*ទី២. ត្រូវរៀបចំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន។
*ទី៣. សកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ ត្រូវចាប់ផ្តើមពីផ្ទៃក្នុងនៃក្រសួង ស្ថាប័ន ដោយអនុវត្តចាប់ពីអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងវិធានការបង្ការដល់បុគ្គលិក មន្រ្តីរាជការ បន្តមកដល់ស្ថាប័ន និងវិស័យដែលមានចំណុះក្រសួង ស្ថាប័ន ដូចជា សហគ្រាស រោងចក្រ។
*ទី៤. ក្នុងភារកិច្ចរបស់ក្រសួង ស្ថាប័ន ត្រូវបកប្រែភាសាគោលនយោបាយជាតិបញ្ចប់អេដស៍ ទៅតាមវិស័យរបស់ខ្លួន និងរៀបចំនូវផែនការសកម្មភាពថវិការបស់ខ្លួន ព្រមទាំងស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
*ទី៥. ត្រូវបង្កើននូវការផ្តល់នូវសេវាមេត្រីភាព។
*ទី៦. សូមជួយពិនិត្យឡើងវិញនូវការធ្វើនិយ័តថវិកាកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍។
*ទី៧. ក្រសួង ស្ថាប័ន ត្រូវធ្វើផែនការសកម្មភាពថវិកា ឱ្យបានទាន់ពេលវេលា៕