សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ​ ដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកម្លាំង ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់រូប ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីបានល្អប្រសើរ និងសប្បាយរីករាយ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរអគុណ ដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ កងកម្លាំង ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់រូប ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីបានល្អប្រសើរ សប្បាយរីករាយ និងសុខសុវត្ថិភាព។

ការថ្លែងអំណរគុណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចធិបតី បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណដល់គ្រប់ស្ថាប័នជាតិ កងឯកភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធររាជធានី-ខេត្ត ស្រុក ក្រុង ខណ្ឌ ភូមិ-ឃុំ ព្រះចៅអធិការវត្ត គណ​ៈគ្រប់គ្រង ជាពិសេសកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទមាន៖ នគរបាល, អាវុធហត្ថ និងកងទ័ព​ ដែលបានចូលថែរក្សាសន្ដិសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ»

សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា នេះជាកិច្ចការចម្បងក្នុងការយកចិត្តទុកដាក់ជាធំរបស់រាជរដ្ឋាភិបាល គឺរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ដែលយើងបានឃើញថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ។ ក្នុងនោះសូមថ្លែងអំណរគុណ ដល់ប្រជាការពារ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារចុះជួយបណ្ដារាជធានី-ខេត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ក្នុងនោះនៅក្រៅប្រទេសយើងក៏បានរៀបចំ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តាមស្ថានកុងស៊ុល ដោយមានការចូលរួមពីឯកអគ្គរាជទូត ព្រមទាំងប្រជាពលរដ្ឋរបស់យើង តាមបណ្ដាប្រទេសផ្សេងៗផងដែរ។ ក្នុងនោះសូមថ្លែងអំណរគុណ ដល់សាលារាជធានីភ្នំពេញ ដែលបានរៀបចំរថយន្ដក្រុងជិត៤០០គ្រឿង ក្នុងការដឹកជញ្ជូនប្រជាពលរដ្ឋប្រមាណ៧ម៉ឺននាក់ ទៅលេងស្រុកកំណើតរយៈពេល៥ថ្ងៃ ដោយឥតគិតថ្លៃ៕