ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធខេត្តឧត្តរមានជ័យ ត្រូវរួមគ្នាយកចិត្តទុកដាក់ ដើម្បីសម្រេចតាមផែនការ នៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស


ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី បានថ្លែងជំរុញដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ត្រូវរួមគ្នាយកចិត្តទុកដាក់ ដើម្បីសម្រេចតាមផែនការ នៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស។

ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងប្រតិភូអមដំណើរ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីសុរិយោដីខេត្ត ក្រុង ស្រុក ជាច្រើនរូបទៀត។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថា ខេត្តឧត្តរមានជ័យ គឺជាខេត្តចុងក្រោយគេនៅទូទាំងប្រទេសកម្ពុជា ដែលបានធ្វើសមាហរណកម្មបញ្ចប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានបញ្ចប់សង្គ្រាមផ្តៃក្នុងទាំងស្រុងចេញពីប្រទេសកម្ពុជា។ ស្ថិតនៅភាគឧត្តរនៃប្រទេសកម្ពុជា ខេត្តឧត្តរមានជ័យ មានចម្ងាយផ្លូវ៤៦៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ ខេត្តសៀមរាប បន្ទាយមានជ័យ និងព្រះវិហារ និងជាប់ព្រំដែនថៃ មានខេត្តសុរិន្ទ ស៊ីសាកេត និងបុរីរ៉ាំ។ ខេត្តឧត្តរមានជ័យ មានក្រុង១ ស្រុក៤ មានឃុំចំនួន១៥ និងសង្កាត់ចំនួន៥ មានភូមិចំនួន៣០៨ភូមិ។

ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងទៀតថា ទូទាំងខេត្តមានក្បាលដីប៉ាន់ស្មានប្រមាណ១៨០ ០០០ក្បាលដី ជំរុញការចុះបញ្ជីរយៈពេល២ឆ្នាំ (២០២៤-២០២៥) មានចំនួន១២២ ៦០០ក្បាលដី ដោយបានចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិរួចសរុបចំនួន៥៤ ៤៤៥ប័ណ្ណ ក្នុងនោះមានការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីដីលើកដំបូងដាច់ដោយដុំ ការចុះបញ្ជីដីរដ្ឋ ការងារចុះបញ្ជីដីគរុភ័ណ្ណវត្ត។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ការចុះបញ្ជីដីធ្លីមិនមែនអង្គភាពសុរិយោដីធ្វើតែម្នាក់ឯងនោះទេ គឺត្រូវការចូលរួមធ្វើទាំងអស់គ្នា ពីមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដូចនេះសូមជំរុញដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសម្រេចឲ្យបានតាមផែនការរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យឲ្យបានឆាប់ និងចប់រួចរាល់ក្នុងពេលដ៌ខ្លីខាងមុខនេះ ដើម្បីជាប្រយោជន៌និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធប្រើប្រាស់ស្របច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ការងារចុះបញ្ជីដីធី្លគឺជាបញ្ហាមួយដ៌សំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញលើបញ្ហានេះ។ ដូច្នេះក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់ ជាពិសេសនោះ គឺការបន្តសកម្មភាពរៀបចំចុះបញ្ជី ដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងសុក្រិតភាព ជាមួយនឹងការធ្វើការកែសម្រួល ដោយកាត់ឆ្វៀលជូនប្រជាពលរដ្ឋ  ដែលមានតាំងទីលំនៅពិតប្រាកដ និង រស់នៅរយៈពេលយូរមកហើយ ប៉ុន្តែការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទាំងនោះ មិនទាន់ចប់សព្វគ្រប់នៅឡើយនោះទេ បញ្ហានេះដែលគឺទាមទារឲ្យមានការបន្តសកម្មភាពយ៉ាងសកម្មនិងផុសផុលក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះឱ្យបានឆាប់ចប់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបន្តបំពេញភារកិច្ចការងាររៀងៗខ្លួនជាប្រក្រតី ដោយការសាមគ្គី ឯកភាពគ្នាផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងរក្សាពូនជ្រុំ មរតកដ៏មានតម្លៃនានាដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឲ្យ ដើម្បីចូលរួមគាំទ្រសម្រេចឲ្យបាននូវបេសកកម្ម ដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយព្រមទាំងណែនាំដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវជាដើម។

ឯកឧត្តម សាយ សំអាល់ បានថ្លែងសង្កត់ធ្ងន់ថា ដើម្បីជំរុញការចុះបញ្ជីដីធ្លីតាមគោលនយោបាយ ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ រដ្ឋបាលខេត្តឧត្តរមានជ័យ ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការ ត្រូវខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី និងឯកភាពផ្ទៃក្នុងទើបធ្វើឲ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋផងដែរ៕