ឯកឧត្តម ហ៊ុន ម៉ានី បន្តចុះជួបក្រុមការងារ និងគណៈកម្មាធិការគណបក្សស្រុក និងឃុំ នៃស្រុកសាមគ្គីមុនីជ័យ


នៅថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី សមាធិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ និងគណៈកម្មាធិការគណបក្សស្រុក និងឃុំទាំង១០ នៃស្រុកសាមគ្គីមុនីជ័យ នៅទីស្នាក់ការគណបក្សស្រុក។

មានវត្តមានក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តម សំ រិទ្ធី អនុប្រធានក្រុមការងារ ឯកឧត្តម យឹម សុខុម អនុប្រធានគណបក្សខេត្ត ឯកឧត្តម ប្រធានក្រុមការងារចុះជួយស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារគណបក្ស និងគណៈកម្មាធិការបក្សស្រុក និងឃុំ សរុបប្រមាណ៦០រូប។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពការងារ និងក្តាប់សភាពការណ៍ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។

យោងរបាយការណ៍របស់ លោក មួង ធី ប្រធានគណៈកម្មាធិការបក្សស្រុកសាមគ្គីមុនីជ័យ បានឲ្យដឹងថា ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥កន្លងទៅ គណបក្សស្រុក រួមជាមួយក្រុមការងារគ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងធ្វើចលនាតាមគោលការណ៍ណែនាំរបស់ថ្នាក់កណ្តាលក្នុងការជំរុញចលនាបោះឆ្នោត និងធានាបានជ័យជំនះយ៉ាងធំធេង លើសលុបជូនគណបក្ស។

ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ គណបក្សស្រុកបានត្រៀមផែនការ និងកំពុងអនុវត្តជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ អង្គប្រជុំក៏បានធ្វើការពិភាក្សា ចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះផ្ទាល់ជូនដល់អង្គប្រជុំដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ។

មានមតិសំណេះសំណាលក្នុងកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណក្រុមការងារ និងគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញជូនគណបក្សក្នុងកាលកន្លងទៅ។ ឯកឧត្តមបានផ្តល់អនុសាសន៍ឲ្យក្រុមការងារខិតខំជំរុញបន្ថែមល់ការងារកសាងបក្ស និងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អដើម្បីផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តមកលើគណបក្សកាន់តែខ្ពស់បន្ថែមទៀត។

ជាមួយគ្នានេះ សម្រាប់ការបោះឆ្នោតខាងមុខ សូមក្រុមការងារយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពសុខភាព និងបញ្ហាផ្សេងៗរបស់អង្គបោះឆ្នោតដើម្បីធានាបាននូវជ័យជំនះជូនគណបក្ស៕