កម្ពុជាស្នើសុំឱ្យតុងហ្គាពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា


(បាងកក, ថៃ) ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Fekitamoeloa Katoa ‘Utoikamanu រដ្ឋមន្រ្តីឧតុនិយម ថាមពល ព័ត៌មាន គ្រប់គ្រងគ្រោះមហន្តរាយ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងទំនាក់ទំនង នៃព្រះរាជាណាចក្រតុងហ្គា ដើម្បីស្នើសុំឱ្យតុងហ្គាពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ក្នុងខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ព្រះរាជាណាចក្រតុងហ្គា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដីកោះចំនួន ៣ ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ដែលពុំទាន់បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា រួមមានតុងហ្គា កោះម៉ាសាល់ និងមីក្រូនេស៊ី ដែលកម្ពុជាបានចាត់ទុកជារដ្ឋអាទិភាព និងមានលទ្ធភាពគ្រប់គ្រាន់ ចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងតាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើសុំឱ្យប្រទេសតុងហ្គាពិនិត្យលទ្ធភាព និងពិចារណាក្នុងការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។
ជាការឆ្លើយតប លោកជំទាវ Fekitamoeloa Katoa ‘Utoikamanu នឹងលើកយកសំណើរបស់កម្ពុជា ដាក់ជូនរាជរដ្ឋាភិបាលតុងហ្គា ដើម្បីពិនិត្យ និងពិចារណាលើការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នេះ។