(ប៉ារីស)៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃកម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តម ហែម វណ្ណឌី គូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងពិធីបើកសន្និសីទ ថ្នាក់រដ្ឋមន្ត្រីនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដែលបានរៀបចំឡើងនៅទីក្រុងប៉ារីស ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ ដែលបានប្រមូលផ្តុំ មេដឹកនាំពិភពលោកមកជួបជុំគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម និងជំរុញសកម្មភាពបរិវត្តកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងបទអន្តរាគមន៍ជូនដល់អង្គសន្និសីទ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានបញ្ជាក់ពីការផ្តល់សារៈសំខាន់ របស់កម្ពុជាដល់សមាហរណកម្មតំបន់នានា ជាពិសេសតាមរយៈ ស្ថាប័នតំបន់ដូចជា អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមផ្សេងៗរបស់ កម្ពុជាក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ ដូចជាការ កែលម្អបរិយាកាសធុរកិច្ច និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។
យុទ្ធសាស្ត្រស្នូលមួយនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា គឺផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ ដែលផ្តល់អាទិភាពដល់អភិបាលកិច្ច ការអប់រំ ការស្រាវជ្រាវ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់បន្ថែមដល់អង្គសន្និសីទអំពីសារៈ សំខាន់ នៃការអភិវឌ្ឍមូលធនមនុស្ស និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាទៅក្នុង សហគ្រាស ពិសេសក្នុងវិស័យឯកជន ដើម្បីឱ្យពួកគេបង្កើនផលិតភាព និងរួមចំណែកកាន់តែប្រសើរដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានបង្ហាញជំហក្នុងការជំរុញបរិយាប័ន្ន សមធម៌ និងនិរន្តរភាព ក្នុងការអភិវឌ្ឍ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលស្របតាមកម្មវត្ថុនៃគណៈកម្មាធិការសម្រាប់គោលនយោបាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ (CSTP 2024) ។
ឯកឧត្តមបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ អន្តររដ្ឋាភិបាល និងអន្តរវិស័យ ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព និងធានាបាននូវអត្ថប្រយោជន៍សង្គមពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ឯកឧត្តមក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹង ប្រែងក្នុងការសហការបង្កើតផែនទី បង្ហាញផ្លូវវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដោយប្រើកម្លាំងរួម ដើម្បីកសាង អនាគតមួយដែលកាន់តែមាននិរន្តរភាព ។
អង្គការ OECD បានកំណត់អាទិភាពមួយចំនួនរបស់សម្រាប់សន្និសីទនេះ ផ្តោតលើការដោះស្រាយ បញ្ហាប្រឈមរួម និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អាទិភាព ទាំងនោះរួមមានការបង្កើតគោលនយោបាយអភិបាលកិច្ចរហ័សរហួន ការលើកកម្ពស់ជីវសេដ្ឋកិច្ច ដែលមានភាពធន់ ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ស្រាវជ្រាវ និងការបង្កើនទំនុកចិត្តសង្គមលើគំនិតផ្តួចផ្តើមផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងការជំរុញនវានុវត្តន៍ អ្នករៀបចំគោលនយោបាយ ដែលចូលរួមក្នុងសន្និសីទនេះ ក៏មានបំណងផ្តល់អាទិភាព លើក្រមសីលធម៌នៃការអភិវឌ្ឍបច្ចេកវិទ្យា និងអត្ថប្រយោជន៍សង្គមផងដែរ។
នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាមានការវិវត្តជឿនលឿនយ៉ាងឆាប់រហ័ស ហើយបញ្ហាសកលកាន់តែមានភាពស្មុគស្មាញ, ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺ ជារឿងមិនអាចខ្វះបាន។ ការបញ្ជាក់ជំហ បុរេសកម្មរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់សហគមន៍អន្តរជាតិ ក្នុងការជំរុញ សក្តានុពលនៃបរិវត្តកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់វិបុលភាពសង្គម៕