កម្ពុជាប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់»


(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់» ដែលប្រព្រឹត្តទៅនៅបរិវេណកីឡដ្ឋាន ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ទិវានេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias នាយិកាអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា, លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងសិស្សានុសិស្សជាច្រើនរូបទៀត។

ក្នុងឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់»

ជាមួយគ្នានោះលោកសាស្ដ្រាចារ្យ ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក របស់សម្ដេចមហាបវរធិបតី ជូនដល់ថ្នាក់ដឹកនាំជាតិ-អន្ដរជាតិ អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ដ្រីសុខាភិបាល សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងទិវាជាតិនេះ។ លើសពីនោះគឺការចូលរួមសម្តែងនូវការអបអរសាទរ ជាមួយប្រជាជាតិ និងពិភពលោកទាំងមូល ដែលប្រារព្ធទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់។ ក្នុងនោះសម្ដេចធិបតីភាព ក៏បានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ព្រមទាំងដៃគូអនុវត្ត និងដៃគូអភិវឌ្ឍរួមគ្នាពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ ទៅតាមផែនការយុទ្ធសាស្ត្រជាតិ ឱ្យសម្រេចបានជោគជ័យ សម្រាប់ប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ និងបណ្តាប្រទេសនៅក្នុងមហាអនុតំបន់មេគង្គ គ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០៣០។

បន្ទាប់ពីថ្លែងសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានបន្ដថ្លែងសំណេះសំណាល និងផ្ដល់អនុសាសន៍មួយចំនួន​ជូនអង្គកម្មវិធី ជាពិសេសដល់សិស្សានុសិស្ស ដែលបានចូលរួមក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឱ្យបានយល់កាន់តែច្បាស់ពីការចម្លងជំងឺគ្រុនចាញ់ (មូសដែកគោលញី ជាភ្នាក់ងាក់ចម្លងជំងឺគ្រុនចាញ់), ការបង្ការ ការពារ។ លើសពីនោះលោកសាស្ដ្រាចារ្យបានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ដែលត្រលប់ពីចូលព្រៃ ត្រូវទៅរកសេវាធ្វើតេស្ដរកជំងឺគ្រុនចាញ់ បើរកឃើញព្យាបាល ហើយតាមដាន ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នេះ។

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានលើកឡើងទៀតថា «ទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ,សម្រាប់កម្ពុជាយើង បានប្រារព្ធធ្វើមុនមួយថ្ងៃនេះ គឺបញ្ជាក់អំពីភាពបុរេសកម្ម របស់ប្រជាពលរដ្ឋ និងភ្នាក់ងាររបស់យើង»

ឯកឧត្តមសាស្ដ្រាចារ្យបានថ្លែងបន្ថែមថា «កម្ពុជាបានដាក់ទិសដៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខនេះ ហើយដើម្បីឈានទៅសម្រេចនូវគោលខាងលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដូចជា ទី១៖ ជួយគាំទ្រគ្រប់យុទ្ធនាការជាមួយអង្គការដៃគូ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ទី២៖ មានយុទ្ធសាស្ដ្រក្នុងការការពារ ​ព្យាបាល និងតាមដានយ៉ាងគត់មុត ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីសេចក្ដីស្លាប់ ទី៣៖ ការផ្ដល់អាទិភាពក្នុងការធ្វើវិនិយោគ ស្រាវជ្រាវ នវានុវត្ដន៍នៅក្នុងការងារលុបបំបាត់ និងខិតខំធ្វើឱ្យបានលឿន និងទាន់ពេលវេលា»

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាក់ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នេះ ពិសេសការទទួលបានជោគជ័យ៣ឆ្នាំជាប់គ្នាមកនេះ ដែលកម្ពុជាមិនមានករណីស្លាប់ដោយជំងឺគ្រុនចាញ់នោះទេ៕