ក្រសួងការបរទេស និងអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងារស្តីពី កិច្ចសហប្រតិបត្តិការ ស្របពេលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២


នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នាទីក្រុងព្រុចសែល ប្រទេសបែលហ្សិក លោកជំទាវ ទូច សុផារត្ន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ម៉ារីអូ រូនកូនី ប្រធានផ្នែកនៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងារស្តីពី កិច្ចសហប្រតិបត្តិការ ស្របពេលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានកត់សម្គាល់អំពីក្របខ័ណ្ឌយុទ្ធសាស្ត្រនៃភាពជាដៃគូសហប្រតិបត្តិការរបស់ផែនការសូចនាករពហុឆ្នាំ (MIP) ២០២១-២០២៤។

កិច្ចប្រជុំក៏បានពិភាក្សាអាទិភាពរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២៥-២០២៧ និងមធ្យោបាយដើម្បីរៀបចំការគាំទ្ររបស់សហភាពអឺរ៉ុបបន្ស៊ីនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈវិស័យនៃកិច្ចសហប្រតិបត្តិការ ដែលរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគាំពារសង្គម កសិកម្មនិងធនធានធម្មជាតិ អប់រំនិងការអភិវឌ្ឍជំនាញ ខ្សែច្រវាក់ឧស្សាហកម្ម ច្រកទ្វារសកល (ការតភ្ជាប់ប្រកបដោយការទុកចិត្ត និងចីរភាពសម្រាប់ប្រជាជន និងភពផែនដី) និងការវិនិយោគ បរិស្ថាននិងការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការអាស៊ាន សង្គមស៊ីវិល យុវជន និងយេនឌ័រ។