អគ្គលេខាធិការអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-បារាំង នៅទីក្រុងប៉ារីស


តមតាមការអញ្ជើញរួមរបស់លោក Mathias Cormann អគ្គលេខាធិការ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) និងលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន, ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឆ្នាំ២០២៤ នៃក្រុមប្រឹក្សា OECD នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រី Chrysoula Zacharopoulou ទេសរដ្ឋមន្ត្រីទទួលបន្ទុកការអភិវឌ្ឍ ហ្វ្រង់កូហ្វូនី និងភាពជាដៃគូអន្តរជាតិរបស់បារាំង។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរិះរកវិធី និងមធ្យោបាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការ នៅក្រោមភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-បារាំង។

ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានថ្លែងអំណរគុណសម្រាប់ការប្តេជ្ញាចិត្តរបស់បារាំង ចំពោះទំនាក់ទំនងសហការជាមួយអាស៊ាន ទាំងតាមរយៈទ្វេភាគី និងក្របខណ្ឌអាស៊ាន-សហភាពអឺរ៉ុប។

នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកស្រី Marie-Hélène Loison នាយករងប្រតិបត្តិនៃទីភ្នាក់ងារ Agence Française de Développement (AFD)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពពេលបច្ចុប្បន្ន និងពេលអនាគតរបស់ AFD នៅក្រោមភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-បារាំង។ អគ្គលេខាធិការអាស៊ាន ក៏បានកោតសរសើរពីតួនាទីរបស់ AFD ក្នុងការគាំទ្រ និងអនុវត្តគម្រោងនានាជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន តាមរយៈវត្តមាន និងការចូលរួមរយៈពេលយូរអង្វែងនៅក្នុងតំបន់។

ឆ្លៀតក្នុងឱកាសដំពេញទស្សនកិច្ចនៅប្រទេសបារាំង ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបន្តជួបពិភាក្សាការងារជាមួយលោក Mathias Cormann អគ្គលេខាធិការនៃ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអពីការត្រៀមសម្រាប់ការចូលរួមរបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឆ្នាំ២០២៤ នៃក្រុមប្រឹក្សា OECD ការវិវត្តន៍ចុងក្រោយក្នុងការចូលរួម របស់អាស៊ានជាមួយ OECD ព្រមទាំងការតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ អមជាមួយផែនការយុទ្ធសាស្ត្រទាំង៤ និងបញ្ហាមួយចំនួនទៀត។

នៅរសៀលថ្ងៃទី៣០ ខែមេសាដដែល ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Marc Abensour ឯកអគ្គរដ្ឋទូតបារាំង ទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅក្នុងឱកាសនោះភាគីទាំងពីរបានពិភាក្សារកវិធី និងមធ្យោបាយ ដើម្បីពង្រឹងភាជាដៃគូអភិវឌ្ឍន៍អាស៊ាន-បារាំង ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការនៅក្រោមវិស័យអាទិភាពទាំង៤ របស់ចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានស្វាគមន៍ការរៀបចំដោយជោគជ័យនៃវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ កាលពីខែកុម្ភៈ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក។

ដោយឡែកនៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមពិសាអាហារពេលល្ងាច ជាមួយគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងប៉ារីស (ACP) រៀបចំដោយលោក Sarun Charoensuwan ឯកអគ្គរាជទូតថៃ ប្រចាំសាធារណរដ្ឋបារាំង និងជាប្រធាន ACP។

នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនដល់ ACP ស្តីពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន និងក្នុងទំនាក់ទំនងរវាងអាស៊ាន ជាមួយបារាំង។ ឯកឧត្តម ក៏បានថ្លែងអំណរគុណសម្រាប់ការចូលរួម ចំណែកដ៏សំខាន់របស់ ACP ក្នុងការជួយលើកកម្ពស់ភាពជាដៃគូអាស៊ាន-បារាំង ក៏ដូចជា លើកកម្ពស់កិត្តិនាម និងការយល់ដឹងអំពីអាស៊ាននៅក្នុងប្រទេសបារាំង៕