អភិបាលខេត្តកំពត អំពាវនាវដល់កម្មករគ្រប់រូបត្រូវធ្វើគំរូល្អ គោរពវិន័យការងារ មានចរិតជាតិនិយម ជាផ្នែកមួយជួយទាក់ទាញវិនិយោគិនមកវិនិយោគ បង្កើនជីវភាពរស់នៅរបស់ពលរដ្ឋ


ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវដល់កម្មករ កម្មការិនីទាំងអស់ត្រូវធ្វើជាគំរូល្អ គោរពវិន័យការងារឲ្យបានភ្ជាប់ភ្ជួន មានចរិតជាតិនិយម ដើម្បីជាផ្នែកមួយជួយទាក់ទាញវិនិយោគិន ដើម្បីឱ្យពួកគេជាអ្នកវិនិយោគមានជំនឿចិត្តមកដាក់ទុនវិនិយោគកាន់តែច្រើន ដោយឡែកសម្រាប់ខេត្តកំពតនេះ សំដៅលើកតម្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមថ្លែងបែបនេះក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាមួយសហគមន៍សុខសាន្តមួយ» ដែលប្រារព្ធធ្វើឡើងក្នុងបរិវេណរោងចក្រដាប៉ុនកំពតស្ព័ត ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងទៀតថា ដោយសារប្រទេសកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស បានធ្វើឱ្យអ្នកវិនិយោគនៅលើពិភពលោកមកបណ្តាក់ទុនរកស៊ី ហើយធ្វើឱ្យប្រជាពលរដ្ឋទទួលបានការងារល្អ ប្រាក់ខែសមរម្យ មានជីវភាពធូរធា។ កម្មករ កម្មការនីទាំងអស់មានការងារល្អៗធ្វើនៅពេលនេះ គឺបានកើតឡើងដោយសារតែការលះបង់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំយកជីវិតទៅប្តូរដើម្បីរកមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន ហើយរក្សាបាននូវស្ថេរភាពនយោបាយ ដែលជាកត្តាធ្វើឱ្យអ្នកវិនិយោគនៅលើពិភពលោកមានទំនុកចិត្តក្នុងការបណ្តាក់ទុនរកស៊ីក្នុងប្រទេស។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ទម្រាំយើងបានមកដូចសព្វថ្ងៃនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺទទួលរងនូវការលំបាកក្នុងភ្លើងសង្គ្រាមប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលជំនាន់នោះពលរដ្ឋទាំងអស់ ត្រូវបានបង្ខំឱ្យធ្វើការហួសកម្លាំង ហូបរួម រស់នៅរួម រស់នៅក្នុងគុកឥតជញ្ជាំង គ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ មានតែភាពល្វីងជូចត់។ តែក្រោយពីប្រទេសកម្ពុជាត្រូវបានរំដោះចេញពីភ្លើងសង្គ្រាមរួចមក ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់ការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាត្រូវបានអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ មានអ្នកវិនិយោគជាច្រើនបានមកបើករោងចក្រ ហើយបានផ្តល់ការងារល្អៗ ជូនដល់ប្រជាពលរដ្ឋ ពិសេសបងប្អូនកូនក្មួយកម្មករ កម្មការនី នៅទូទាំងប្រទេស។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនកូនក្មួយដែលជាកម្មករ កម្មការនី ទាំងអស់ត្រូវធ្វើជាពលរដ្ឋល្អ គោរពវិន័យការងារ ត្រូវ ដឹងគុណស្ថាបនិកសន្តិភាព ធ្វើយ៉ាងណារួមគ្នាធ្វើការងារឱ្យបានល្អ ឱ្យស្របទៅតាមប្រធានបទក្នុងទិវាពលកម្មអន្តរជាតិ “សហគ្រាសមួយ ជាមួយសហគមន៍សុខសាន្តមួយ” ដើម្បីជាផ្នែកមួយជួយទាក់ទាញវិនិយោគិនមកកម្ពុជា។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលខាងលើនេះ មានការចូលរួមពីសំណាក់កម្មករ កម្មការនី ចំនួន៣រោងចក្រ រួមមាន៖ រោងចក្រ “ដាប៉ុនកំពតស្ព័ត” រោងចក្រស៊ីម៉ង់ត៍ ថៃប៉ុនរ៉ុង និងរោងចក្រស៊ីម៉ង់ត៍ ចក្រីទីង ដែលមានកម្មករ កម្មការនី ចូលរួមសរុប ៤០០នាក់។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវថវិកា ដែលជាអំណោយរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កម្មករ កម្មការនី ដែលបានចូលរួមក្នុងម្នាក់ៗ ថវិកាចំនួន ៤ម៉ឺនរៀល ដោយឡែកកម្មការនី ដែលមានផ្ទៃពោះ ចំនួន ១១នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ចំនួន៣ និងថវិកាចំនួន ៤ម៉ឺនរៀលផងដែរ៕