ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ដបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី៣


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញបើកវិញ្ញាសាសរសេរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ។

ការប្រឡងប្រជែងនឹងត្រូវប្រព្រឹត្តិទៅដោយធ្វើការបែងចែកជាចំនួន ២វេន ដោយវេនទី១ បានចាប់ពីម៉ោង១២ ដល់ ម៉ោង២រសៀល និងវេនទី២ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង៦ល្ងាច លើមុខវិជ្ជាឯកទេស ជីវវិទ្យា, ជីវវិទ្យា-ផែនដីវិទ្យា, និងគណិតវិទ្យា-រូបវិទ្យា។

សូមជម្រាបថា ស្របតាមអ្វីដែលជាការគ្រោងទុករបស់គណៈកម្មការប្រឡងប្រជែង ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ មានបេក្ខជនចូលរួមចំនួន ៨,៩២៦នាក់ ដែលបានចែកចេញជា ២វេន និង២មណ្ឌល រួមមាន៖

*វេនទី១ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជនចំនួន៤,២៣៧នាក់៖ ជីវវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+៤) ចំនួន២,២២៣នាក់ និងជីវវិទ្យា-ផែនដីវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន២,០១៤នាក់។

*វេនទី២ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលជ្រើសរើសមុខវិជ្ជាឯកទេស គណិតវិទ្យា-រូបវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) ចំនួន៤,៦៨៩នាក់៕