លោកជំទាវ លាង វួចឆេង និងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ព្រមទាំងក្រុមគ្រួសារ អញ្ជើញប្រារព្ធពិពិធីបុណ្យគម្រប់ខួប២ឆ្នាំ ឧទ្ទិសមហាកុសលជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង


លោកជំទាវ លាង វួចឆេង ភរិយាសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងភរិយា ព្រមទាំងកូនចៅ និងក្រុមគ្រួសារសាច់ញាតិ បានអញ្ជើញប្រារព្ធពិពិធីបុណ្យគម្រប់ខួប២ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលពិធីនេះបានធ្វើឡើង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

នៅក្នុងពិធីបួងសួងពលីការបូជាទេវតា លោកជំទាវ លាង វួចឆេង និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ព្រមទាំងកូនចៅ បានអញ្ជើញអុជទៀនធូបទឹកអប់ប្រេងម្ស៉ៅ ថ្វាយដល់គ្រឿងសក្ការៈបូជា ដែលបានរៀបចំយ៉ាងល្អវិចិត្រ។

ក្នុងពិធីបុណ្យគម្រប់ខួប២ឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អ្នកតំណារាស្រ្តមណ្ឌលកំពង់ចាម អភិបាលរងខេត្កកំពង់ចាម អភិបាលក្រុង-ស្រុក, លោក លោកស្រី ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងផងដែរ។

សូមបញ្ជាក់ថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រសូត្រនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៥០ ត្រូវនឹងថ្ងៃអាទិត្យ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ ២៤៩៣ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង ម្តាយឈ្មោះ ឌី ប៉ុក សម្តេចជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី ៦នាក់។

សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពនៅវេលាម៉ោង១៨ និង ២៥នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺបេះដូង។

ក្នុងឱកាសនោះ លោកជំទាវ ត្រូវជាភរិយា បងប្អូនបង្កើត ប្អូនថ្លៃ កូន កូនប្រសារប្រុស ស្រី ចៅ ចៅទួតគ្រប់រូប បានលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោក តេជះបារមីទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាមហាស្វេតច្ឆត្រ សូមជួយនាំដំណើរវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមបានទៅកាន់ឋានសួគាលៃ ប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕