នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានសន្ដិភាព ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជួបពិភាក្សាការងារ ជាមួយលោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃរដ្ឋកាតាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ។
ជំនួបនេះធ្វើឡើង ក្នុងគោលបំណងពង្រឹង នឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យកាន់តែស៊ីជម្រៅ ជាពិសេស ភាគីទាំងពីរបានពិភាក្សាលើគម្រោងមួយចំនួនក្នុងការអភិវឌ្ឍសហគមន៍ឥស្លាម នៅកម្ពុជា ខណៈកាតាជាប្រទេសមួយតែងតែផ្តល់ជំនួយមនស្សធម៌ ដល់កម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀត លើពិភពលោក។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណ ដល់រាជរដ្ឋាភិបាលកាតា ដែលកន្លងមកតែងតែគាំទ្រកម្ពុជាលើវិស័យនានា ផ្តល់ជំនួយមនុស្សធម៌ហើយនាពេលថ្មីៗនេះ អង្គការសប្បុរសធម៌កាតា (Qatar Charity) និងក្រសួងគរុភ័ណ្ឌសាសនានៃប្រទេសកាតា បានផ្ដល់អំណោយកញ្ចប់អាហារខែរ៉ាម៉ាឌន ដើម្បីចែកជូនបងប្អូនខ្មែរឥស្លាមក្នុងខែបួសកន្លងទៅ ចំនួនជាង៤ពាន់កញ្ចប់ផងដែរ។
ឯកឧត្តមបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកអគ្គរាជទូតកាតា មកកម្ពុជានាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបន្ថែមទៀតនាពេលអនាគត។ កាលពីអតីតកាលកម្ពុជា ដែលជាប្រទេសមួយ មានសង្គ្រាមរាំរ៉ៃប្រមាណជាង៣០ឆ្នាំ ប៉ុន្តែនាពេលបច្ចុប្បន្នកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ដូចជាមានការសាងសង់ផ្លូវល្បឿនលឿន ព្រលានយាន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ផ្សេងៗទៀត។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានសាទរជាខ្លាំងចំពោះភាពរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា និងបានបង្ហាញភាពវិជ្ជាមានក្នុងការស្វាគមន៍ និងគាំទ្រដល់កម្ពុជាជានិច្ច ក្នុងការអភិឌ្ឍលើវិស័យអាទិភាពនានា ដើម្បីធ្វើឲ្យទំនាក់រវាងកម្ពុជា និងកាតា កាន់តែមានជិតស្អិត និងរឹងមាំបន្ថែមទៀត។
សូមជម្រាបថា លោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃរដ្ឋកាតាប្រចាំកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ហើយក្នុងអំឡុងពេលនេះ លោកនឹងជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបណ្តាថ្នាក់ដឹកនាំកំពូលៗកម្ពុជា មួយចំនួនទៀត៕