ឯកឧត្តម កែ គឹមយ៉ាន ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤


ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារ អាជ្ញាធរគ្រប់ថ្នាក់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោត និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តខេត្តបន្ទាយមានជ័យ។

ក្រោយពីបានស្តាប់របាយការណ៍របស់គណបក្សខេត្ត ឯកឧត្តម កែ គឹមយ៉ាន បានសាទរ និងឯកភាពលើរបាយការណ៍ផែនការឆ្ពោះទៅកាន់ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

ជាមួយនឹងការផ្តាំពាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពរជ័យ ពីថ្នាក់ដឹកនាំពិសេសសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន អរគុណ កោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព ទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងសូមបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ ខេត្តខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវមានសន្តិភាព សន្តិសុខនិងការអភិវឌ្ឍពេញផ្ទៃប្រទេស។

ក្នុងឱកាសនោះដែរ ថ្លែងក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ, ឯកឧត្តម កែ គឹមយ៉ាន បានប្រកាសគាំទ្រគម្រោងកសាងព្រែកជីកហ្វូណនតេជោដែលមានប្រវែង១៨០គីឡូម៉ែត្រ ក្នុងតម្លៃវិនិយោគប្រមាណ១ពាន់ ៧រយលានដុល្លារអាមេរិក ដែលផ្តល់អត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាគឺកាត់បន្ថយរយៈពេលចម្ងាយ តម្លៃដឹកជញ្ជូន បង្កើតតំបន់ពាណិជ្ជកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ និងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ក្នុងគោលដៅកម្ពុជាក្លាយជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានណែនាំឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តសាមគ្គីភាព ការទទួលខុសត្រូវ បន្តថែរក្សាសុខភាព ពិនិត្យឯកសារបោះឆ្នោត បន្តរួមគ្នាអនុវត្តផែនការឆ្ពោះទៅដណ្តើមបាននូវជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដើម្បីបន្តពង្រឹងបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ នាំមកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋយើង៕