សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, ប្រធានក្រុមឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៧១ ព្រះវស្សាយាងចូល ៧២ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយ បួងសួងដល់ គុណតេជះបារមីនៃព្រះបរមរូប អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ដែលទ្រង់មានឫទ្ធានុភាព សូមព្រះអង្គប្រទានព្រះពរ ប្រោះព្រំថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបវរសួស្តី សិរីមង្គល និងព្រះបរមសុខគ្រប់ប្រការ។
ជាមួយនឹងសមានចិត្តស្វាមីភក្តិ ចំពោះព្រះរាជបល្ល័ង្ក ទូលព្រះបង្គំជាខ្ញុំ សូមថ្លែងនូវព្រះរាជមហាករុណាទិគុណ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្ដម ប្រកបដោយព្រះរាជទសពិធរាជធម៌ ព្រះរាជគតិបណ្ឌិត ស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិបាន និងកំពុងបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យរឹងមាំ ជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ហើយប្រជារាស្ត្រគ្រប់ៗរូប ទទួលបាននូវភាពសម្បូរសប្បាយប្រកបដោយមោទនភាព និងកិត្យានុភាព និងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍តរៀងទៅ។
ជាថ្មីម្ដងទៀត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះរាជតេជបារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាល ប្រោះព្រំ នូវព្រះរាជសព្ទសាធុការពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និងសមប្រកបដោយព្រះពុទ្ធពរ ដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕