សម្តេចប្រធានរដ្ឋសភា សូមព្រះបរមរាជានុញ្ញាតសម្តែង នូវស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុត ព្រមជាមួយអំណរសាទរយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៍ និងព្រះសិរីជន្មាទិយាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ។
សម្តេចរដ្ឋសភាធិបតី រួមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា សូមព្រះបរមរាជានុញ្ញាត ថ្វាយនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជហឫទ័យឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាលើ
កិច្ចការអប់រំសិក្សាធិការ សុខុមាលភាពទូទៅ សង្គមកិច្ច ព្រះពុទ្ធសាសនា និងសុខដុមរមនាសង្គម ប្រកបដោយទសពិធរាជធម៌ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រ ជាពិសេសព្រះអង្គតែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ខ្លួនយ៉ាងច្រើនជួយក្នុងវិស័យមនុស្សធម៌ ដើម្បីសង្គ្រោះប្រជានុរាស្ត្រដែលរងគ្រោះដោយមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាងនេះទៅទៀតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានបំពេញព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមក្នុងព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសកិត្យានុភាពជាតិត្រូវបានលើកកម្ពស់ឱ្យកាន់តែល្បីសុះសាយទាំងនៅក្នុងតំបន់ និងលើសកលលោកផងដែរ។
សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាមហាស្វេតច្ឆត្រ ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាម «មហោទរាទេវី» និងព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមប្រោសព្រះរាជទានព្រះរាជសព្ទសាធុការពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះរាជវង្សានុវង្ស សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕