លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគកំពង់ចាម និងជាអនុប្រធានគណបក្សចុះជួយស្រុកជើងព្រៃ បានស្នើដល់អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបន្ដបោះឆ្នោតគំាទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតប្រឹក្សាខេត្ដ ស្រុក ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។
ការថ្លែងដូច្នេះរបស់លោកស្រីបណ្ឌិត ក្នុងឱកាសអញ្ជើញចុះសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ សម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាស្រុក អាណត្ដិទី៧ ឆ្នាំ២០២៤ នាទីស្នាក់ការគណបក្សស្រុកជើងព្រៃ ខេត្ដកំពង់ចាម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ។
លោកជំទាវបណ្ឌិតបានថ្លែងបន្ដថា «នៅសល់តែ១៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាស្រុក អាណត្ដិទី៧ ឆ្នាំ២០២៤ នឹងឈានមកដល់ ដូច្នេះសូមអំពាវនាវដល់សមាជិកក្រុមប្រឹក្សាឃុំទាំងអស់នៅស្រុកជើងព្រៃ សរុបចំនួន៤៧រូប ត្រូវថែរក្សាសុខភាពជាចម្បង ដើម្បីកុំឱ្យអវត្ដនៅថ្ងៃបោះឆ្នោត ហើយត្រូវពិនិត្យមើលអត្ដសញ្ញាណប័ណ្ណ ក្រែងផុតកំណត់ និងត្រៀមលក្ខណៈផ្សេងៗទៀត»។
ក្នុងឱកាសសំណេះសំណាលនេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសមាជិកសមាជិកក្រុមប្រឹក្សាឃុំ និងក្រុមការងារទាំងអស់ ដែលកន្លងមកបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត ក្រុមប្រឹក្សាឃុំ ឆ្នាំ២០២២, បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ឆ្នាំ២០២៣ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតព្រឹទ្ធសភា នាពេលកន្លងទៅនេះ និងសូមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុក នាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ដើម្បីបន្ដជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដើម្បីបន្តពង្រឹងបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សង្គមលើគ្រប់វិស័យ នាំមកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋយើង។
យោងតាមលទ្ធផលផ្លូវការ នៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិ រៀបចំការបោះឆ្នោតនៅទូទាំងប្រទេស មាន ក្រុង ស្រុក ខណ្ឌចំនួន ២០៩ ឃុំ សង្កាត់ ១.៦៥២ ការិយាល័យបោះឆ្នោត ២០៩ ចំនួន អង្គបោះឆ្នោត ១១.៦២២នាក់ ស្ត្រី ២.៥៧៤នាក់។
ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាឃុំ ស្រុក ក្រុមការងារ និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកជើងព្រៃ ដែលកន្លងមកបានខិតខំលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ដ ប្រាជ្ញា ក្នុងការបំពេញភារៈកិច្ចបានយ៉ាងល្អ ពិសេសក្នុងការចុះជួបសំណេះសំណាលសួរសុខទុក្ខដល់ប្រជាជនយើង ពិសេសបានចុះជួយភ្លាមៗដល់គ្រួសារណាដែលជួបនូវការលំបាក ឬបញ្ហាប្រឈមនានា មិនថាយប់ ឬថ្ងៃ។ តែទោះជាយ៉ាងណា លោកជំទាវបណ្ឌិត ក៏បន្ដជំរុញលើកទឹកចិត្ដដល់សមាជិកទាំងអស់ ត្រូវរួមសាគ្គីគ្នាឱ្យកាន់តែរឹងមាំ សហការគ្នាខិតខំប្រឹងប្រែងធ្វើការងារបម្រើប្រជាជន ឱ្យកាន់តែបានល្អប្រសើរបន្ថែមទៀត។
សូមជម្រាបថា ក្នុងឱកាសចុះសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ សម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាស្រុក អាណត្ដិទី៧ ឆ្នាំ២០២៤ នាទីស្នាក់ការគណបក្សស្រុកជើងព្រៃនេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក៏បានពាំនំានូវការសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា , និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាផងដែរ។
ជាចុងបញ្ចប់លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគកំពង់ចាម និងជាអនុប្រធានគណបក្សចុះជួយស្រុកជើងព្រៃ និងតំណាងឯកឧត្តមបណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ បានថ្លែងជូនពរដល់សមាជិក សមាជិកានៃអង្គពិធីទាំងមូល សូមមានសុខភាពល្អបរិបូណ៌ និងសម្រេចបានជ័យជម្នះគ្រប់ភារកិច្ចការងារ កុំបីឃ្លៀងឃ្លាតឡើយ៕