ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងឯកឧត្តម ខេង ស៊ុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត។
ពិធីបើកយុទ្ធនាការឃោសនានេះមានការចូលរួមពីសំណាក់អនុប្រធាន និងជាសមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង៥របស់ក្រុងប៉ោយប៉ែត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋានផ្ទាល់យ៉ាងច្រើនកុះករគួរឱ្យកត់សម្គាល់។
ឯកឧត្តម គាត ហ៊ុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត បានរាយការណ៍អំពីផែនការសកម្មភាពការងារ និងវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សក្រុងប៉ោយ។ បន្ទាប់មក លោក ខេង ស៊ុម បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនបេក្ខជន ជូនអង្គបោះឆ្នោត និងជូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មលើដំណើរកសាង ការពារជាតិមាតុភូមិ ក្នុងស្មារតីសាមគ្គីភាព ដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ឯកឧត្តមបានបញ្ជាក់ថា ថ្វីដ្បិតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាការបោះឆ្នោតអសកល ក៏ប៉ុន្តែអង្គបោះឆ្នោតគឺជាតំណាងសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានបោះឆ្នោតជូននាពេលកន្លងមក។ ជាមួយគ្នានេះ ពលរដ្ឋទាំងអស់គ្នាមានកាតព្វកិច្ចបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងតែមាននៅកម្ពុជាឱ្យស្ថិតស្ថិរ និងរីកចម្រើនជាយូរអង្វែង តាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយអង្គបោះឆ្នោតត្រូវយកចិត្តទុកដាក់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជារបស់ប្រជាពលរដ្ឋកម្ពុជា៕