ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំមានការចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមពីសំណាក់មន្ទីររអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ផងដែរ ដោយកិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន៤៥៤នាក់។

ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពប្រចាំខែឧសភា ដោយផ្តោតទៅលើសកម្មភាពអនុវត្តការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ ក៏ដូចជាលទ្ធផលនៃការអនុវត្តកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដែលបានសម្រេចលទ្ធផលយ៉ាងល្អប្រសើរ។

បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលប្រជាជននៅតំបន់ជនបទ បានជួបប្រទះនឹងការខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងដែលអូសបន្លាយរយៈយូរ ដោយសារកត្តាប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ក្នុងការចូលរួមកំណែទម្រង់ជាមួយរាជរដ្ឋាភិបាល ក្នុងនោះក្រសួងបាននិងកំពុងជំរុញការបញ្ចប់ការវិភាគមុខងាររបស់ក្រសួង នាពេលខាងមុខ ដើម្បីធានាដល់ការបំពេញតួនាទី ភារកិច្ចបម្រើជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព តាមរយៈការចាត់តាំងមន្ដ្រីឱ្យត្រូវតាមជំនាញ បទពិសោធន៍ និងមានចំនួនគ្រប់គ្រាន់។

លើសពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏គ្រោងនឹងបញ្ចប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ នៅក្នុងឆ្នាំ ២០២៤នេះ ដើម្បីជាការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្ដីបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងផ្ដល់អនុសាសន៍ជូនដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដូចខាងក្រោម៖

* ប្រធានអង្គភាពទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំឱ្យមានសៀវភៅកំណត់ត្រាការងារប្រចាំថ្ងៃ សម្រាប់មន្ដ្រីកត់ត្រារាល់លទ្ធផលការងារដែលអនុវត្តបានប្រចាំថ្ងៃ។

* ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ, ត្រូវគោរពវិន័យ របៀបរបបធ្វើការ, ត្រូវអនុវត្តការងារទៅតាមរាល់ការចាត់តាំងរបស់ប្រធានអង្គភាព និងត្រូវរាយការណ៍ និងសុំអន្ដរាគមន៍ពេលជួបប្រទះការប្រឈមនានា។

* ជំរុញលើកទឹកចិត្ត និងបង្កើតឱកាសដល់ស្ដ្រីបានចូលរួមគ្រប់ការងាររបស់ក្រសួង ជាពិសេស ការផ្ដល់ឱកាសដល់ស្រ្ដីក្នុងការតែងតាំងក្នុងជួរថ្នាក់ដឹកនាំ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល៕