ទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២៤ ប្រារព្ធឡើងដើម្បីបញ្រ្ជាប និងបង្កើនការយល់ដឹងជាសាធារណៈតម្លៃធនធានជីវៈចម្រុះ


ក្រសួងបរិស្ថាន សហការជាមួយជាមួយអាជ្ញាធរខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំប្រារព្ធ «ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ប្រចាំឆ្នាំ២០២៤» ក្រោមប្រធានបទ«រួមគ្នាអនុវត្តផែនការជីវៈចម្រុះ-BE PART OF THE PLAN»។

ពិធីនេះបានធ្វើឡើងក្រោមធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការដៃគូ ភ្ញៀវជាតិ-អន្តរជាតិ ប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សជាច្រើនកុះករ នៅវិទ្យាល័យស្រយ៉ង់ ខេត្តព្រះវិហារ។

ព្រឹត្តិការណ៍ «ទិវាជីវៈចម្រុះអន្តរជាតិ២២ ឧសភា» ធ្វើឡើងក្នុងគោលបំណងបញ្រ្ជាប និងបង្កើនការយល់ដឹងជាសាធារណៈនៃតម្លៃធនធានជីវៈចម្រុះ និងសារៈប្រយោជន៍របស់ជីវៈចម្រុះ រួមទាំងប្រព័ន្ធអេកូឡូស៊ី សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សង្គម និងសុខមាលភាពមនុស្ស ក៏ដូចជាការលើកទឹកចិត្ត និងជំរុញឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ក្នុងសកម្មភាពអភិរក្ស និងសកម្មភាពគ្រប់គ្រងធនធានជីវៈចម្រុះឱ្យមាននិរន្តរភាពដែលកំពុងគាំទ្រដល់ការអនុវត្តផែនការជីវៈចម្រុះ ដើម្បីបញ្ឈប់ និងបញ្ចៀសការបាត់បង់ជីវៈចម្រុះ និងស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។

ឯកឧត្តម ជួប ប៉ារីស៍ បានឱ្យដឹងថា ការប្រារព្ធទិវានេះគឺជាលើកទី១០ ហើយ ដែលក្រសួងបរិស្ថាន បានរៀបចំទិវាជីវៈចម្រុះអន្តរជាតិនេះ ឡើងក្នុងគោល បំណង ដើម្បីលើកកម្ពស់ការចូលរួម និងផ្សព្វផ្សាយដល់សាធារណជនអំពីតម្លៃនៃជីវៈចម្រុះ និងកិច្ចខិតខំប្រឹងប្រែងថែរក្សាការពារ និងប្រើប្រាស់ជីវៈចម្រុះប្រកបដោយនិរន្តរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព ហើយឆ្នាំនេះក៏មានការចែកកូនឈើដល់សហគមន៍ និងដាំកូនឈើដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគម្របព្រៃឈើចំនួន ៦០% នៃផ្ទៃប្រទេស និងប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ផងដែរ។

ឯកឧត្តមបានបន្ថែមថាបានបញ្ជាក់ថា ការប្រារព្ធ «ទិវាជីវៈចម្រុះអន្តរជាតិប្រចាំឆ្នាំ២០២៤» នាពេលនេះ ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការចូលរួមចំណែកយ៉ាងសកម្មលើការគ្រប់គ្រងធនធានជីវៈចម្រុះនៅឆាកអន្តរជាតិ ដែលតែងតែខិតខំប្រឹងប្រែងក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ក្នុងនាមជាស្ថាប័នបង្គោលផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា នៅថ្ងៃទី១០ ដល់១១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍កូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» ដែលនឹងមានការចែកកូនឈើដោយឥតគិតថ្លៃជូនដល់សាធារណជននៅមុខទីស្តីការក្រសួងបរិស្ថានផងដែរ។

បើតាមឯកឧត្តម គឹម រិទ្ធី បានថ្លែងថា ការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន អាជ្ញាធរថ្នាក់ក្រោមជាតិ ខេត្តព្រះវិហារ ដែលមានមន្ទីរបរិស្ថានជាសេនាធិការផ្នែកបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ បាននិងកំពុងអនុវត្តការងារបរិស្ថានយ៉ាងសកម្ម មានដូចជាការពង្រឹងការអនុវត្តច្បាប់ ១០០% ចំពោះបទល្មើសធនធានធម្មជាតិការសហការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ការកំណត់តំបន់គ្រប់គ្រង ការទប់ស្កាត់បទល្មើសការល្បាត ការសម្របសម្រួលលើការអនុវត្តការងារ។ល។

នៅក្នុងពិធីអបអរសាទរ «ទិវាជីវៈចម្រុះអន្តរជាតិ២២ ឧសភា» អ្នកចូលរួមទាំងអស់បានប្តេជ្ញាចិត្តក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ បន្ថែមពីនេះចូលរួមបាននាំគ្នាដាំដើមឈើជានិមិត្តរូបផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរពិធីរដ្ឋបាលខេត្តព្រះវិហារ និងមន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរបរិស្ថានខេត្ត បាននិងកំពុងបន្តផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រឹះស្ថានសិក្សា សាលារៀនគ្រប់កម្រិត វត្តអារាម និងសហគមន៍ ដែលចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ សម្រេចបាន ១០០ភាគរយ នៅគ្រប់គ្រឹះស្ថានសិក្សា និងសាលារៀន ទូទាំងខេត្តព្រះវិហារ ក្នុងនោះមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការប្រជាពលរដ្ឋ ព្រះសង្ឃ ពុទ្ធបរិស័ទ គ្រិស្តបរិស័ទ និងឥស្លាមបរិស័ទ ចូលរួមសរុបចំនួន ៦៦ ៩០៣ អង្គ/នាក់៕