ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត១ម៉ឺនប័ណ្ណ ជូនពលរដ្ឋស្រុករមាសហែក ខេត្តស្វាយរៀង


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៩,៣៤៩ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិថ្មី ភូមិសណ្ដោ ភូមិត្រពាំងស្មាច់ ភូមិដក់ព ភូមិព្រែករមៀត ភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រមាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ មានការចូលរួមពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយសមាហែក, ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, ប្រតិភូអមដំណើរ, អភិបាលរងខេត្តស្វាយរៀង, ប្រធានមន្ទីរ រៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្ត, អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់។

ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ចេញនូវ «កម្មវិធី នយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយនៅក្នុងគោលនយោបាយអភិវឌ្ឍតាមវិស័យ ក្នុងនោះក៏បានផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ ដោយត្រូវបន្តអនុវត្តការកែទម្រង់ ឱ្យកាន់តែសកម្ម និងស៊ីជម្រៅ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនអ្នកកាន់កាប់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌឱ្យបានចប់សព្វគ្រប់ជាស្ថាពរនៅក្នុងអាណត្តិទី៧នេះ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា នៅក្នុងខេត្តស្វាយរៀង នាពេលបច្ចុប្បន្ននេះ ដោយមានការជួយឧបត្ថម្ភគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាសេនាធិការ ក៏បាននិងកំពុងដឹកនាំ និងជំរុញការងារចុះបញ្ជីដីធ្លីដែលនៅសេសសល់ប្រមាណជា ៣១៨,០០០ក្បាល យ៉ាងសស្រាក់ស្រាំ និងសកម្មបំផុត។

ជាមួយគ្នានោះនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអបអរសាទរចំពោះប្រជាពលរដ្ឋចំនួនពីរឃុំ គឺឃុំជ្រៃធំ ឃុំកំពង់ត្រាច នៃស្រុករមាសហែក ដែលបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ។

នាយឧត្តមសេនីយ៍ សៅ សុខាបានបញ្ជាក់ថា បើគ្មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនេះទេ ក្រុមការងារបច្ចេកទេសមិនអាចធ្វើការវាស់វែងបានទេ ដូច្នេះសូមអរគុណចំពោះប្រជាពលរដ្ឋ ក៏ដូចជា ក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានសហការគ្នាដោយរលូន ហើយទទួលបានប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅថ្ងៃនេះ។ ម្យ៉ាងវិញទៀតសូមបងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី សូមយកគំរូតាមប្រជាពលរដ្ឋដែលបានទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ និងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសឱ្យបានល្អ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិជាបន្តបន្ទាប់ទៀត។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានណែនាំ ដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ឲ្យបានត្រឹមត្រូវ និងមានប្រយោជន៍ដល់គ្រួសារ ជាពិសេសគឺទុកដាក់ឱ្យមានសុវត្ថិភាព និងចៀសវាងធ្វើឱ្យខូចខាត ដោយប្រការណាមួយ។ នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់ក្រសួង គឺធ្វើយ៉ាងណាជំរុញការចុះបញ្ជីដីធ្លី ឱ្យបានសម្រេចជាស្ថាពរក្នុងឱកាសនៃគម្រប់ខួបលើកទី៤០ នៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ប្រជាពលរដ្ឋ។ ការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន រៀបចំធ្វើឡើងតាំពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ទើបមានការចេញប័ណ្ណផ្ដល់សិទ្ធិឯកជន លើអចលនទ្រព្យជូនប្រជាពលរដ្ឋ លើកទី១។ ដូច្នេះពីឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០២៩ខាងមុខនេះ វានឹងឈានទៅដល់ខួបលើកទី៤០ នៃការចេញបានកម្មសិទ្ធិដីធ្លីរបស់មន្ត្រីរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា មុននឹងឈានដល់ខួបលើកទី៤០ នៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លី មន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងធ្វើការងារទាំងអស់គ្នា ដើម្បីបង្ហើយការងារ ចុះបញ្ជីដីធ្លី ក្នុងខេត្តស្វាយរៀង ក៏ដូចទូទាំងប្រទេស ឱ្យចប់សព្វគ្រប់បានឆាប់រហ័សផងដែរ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលខេត្តស្វាយរៀង និងថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ នៅក្នុងដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យបានចេញជាផ្លែផ្កា នាពេលនេះផងដែរ៕