ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួប១០ឆ្នាំ របស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែមិថុនា​ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតី អបអរសាទរ ខួប១០ឆ្នាំ របស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងស្ថានទូត អង្គការអន្តរជាតិ តំណាងគ្រឹះស្ថានជាដៃគូ រដ្ឋ និងឯកជន លោក លោកស្រី ជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាជាច្រើនកុះករ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងអបអរសាទរនៃការបង្កើតនូវគ្រឹះស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវជាន់ខ្ពស់លើជំនាញបច្ចេកវិទ្យាឌីជីថល ដែលកើតចេញ ពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការកសាងធនធានមនុស្សជំនាញឌីជីថលប្រកបដោយគុណភាព និងភាពប្រកួតប្រជែង ជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងគាំទ្រដល់ការចាប់យកនូវការចាប់យកនិងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា៕