(ភ្នំពេញ)៖ ការកើនឡើងនៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែមទៅលើបញ្ហាប្រឈម ដែលកំពុងរ៉ាំរ៉ៃ និងជាន់គ្នា បានបង្កជាកង្វល់ និងក្តីបារម្ភជាច្រើននៅជុំវិញពិភពលោក។
ដើមចមនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់ពិភពលោក និងក្នុងតំបន់ បានក្លាយជាប្រធានបទដ៏សំខាន់លើកិច្ចពិភាក្សា, ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ «គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទអាស៊ាន»។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមជាមួយអ្នកសារព័ត៌មានជាច្រើនរីបទៀត។
វេទិកាពិភាក្សានេះដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានស្វែងយល់បន្ថែមទៀតអំពីគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា ក្នុងបរិបទអាស៊ាន រួមទាំងព្រឹត្តិការណ៍សំខាន់ៗក្នុងតំបន់អាស៊ាន ដែលជះឥទ្ធិពលដល់គោលនយោបាយការបរទេសកម្ពុជា។
ក្លិបអ្នកកាសែតកម្ពុជា បានចាត់ទុកវេទិកាខាងលើនេះមានសារសំខាន់ណាស់ដែលមិនគ្រាន់តែផ្តល់ឱកាសដល់ អ្នកសារព័ត៌មានបានស្វែងយល់ដឹងកាន់តែច្បាស់អំពីគោលនយោបាយការបរទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលអ្នកសារព័ត៌មានលើកជាសំណួរផ្សេងៗ ទាក់ទងនឹងគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា ក្នុងបរិបទអាស៊ានផងដែរ។
ការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត និងការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដើម្បីកសាងទំនុកចិត្តយុទ្ធសាស្ត្រ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូកាន់តែស៊ីជម្រៅ ដើម្បីរក្សា និងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង និងក្រៅតំបន់៕